(បាកដាដ)៖ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ឬហៅកាត់ថា IOM បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការប្រយុទ្ធគ្នាក្នុងការវាយរំដោះយកទីក្រុងMosul ចេញពីកណ្តាប់ពួកក្រុមរដ្ឋអ៊ីស្លាមISIS បានបង្ខំឲ្យប្រជាជនអ៊ីរ៉ាក់ប្រមាណ៥,៦៤០នាក់ រត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ដែលភាគច្រើនគឺនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។
ទីភ្នាក់ងារជនភៀសខ្លួន UNHCR របស់អង្គការសហប្រជាជាតិបានឲ្យដឹងដែរថា ប្រជាជនអ៊ីរ៉ាក់ជាច្រើននាក់ ក៏បានជម្លៀសខ្លួនពីភាគខាងលិច ទៅកាន់ភាគខាងកើតនៃទីក្រុង Mosul ផងដែរបន្ទាប់ពីមានការវាយប្រហារ តាមផ្លូវអាកាស និងការបាញ់គ្រាប់ផ្លោងមកលើតំបន់ភាគខាងលិចនៃទីក្រុងយ៉ាងធ្ងន់ធ្ងរ។
ប្រជាជនចំនួន៩០០គ្រួសារ ឬស្មើនឹងជាង ៥,៤០០នាក់មកពីសង្កាត់ Mosul ត្រូវបានទទួលឲ្យស្នាក់នៅក្នុង មជ្ឈមណ្ឌលការពារជនភៀសខ្លួនមួយកន្លែងនៅក្នុងភូមិ Al-Hood នៃក្រុង Qayyarah ហើយប្រជាជន អ៊ីរ៉ាក់ចំនួន២៤០នាក់ផ្សេងទៀត មកពីសង្កាត់Hamdaniyah ភាគខាងកើតទីក្រុងMosul ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលជនភៀសខ្លួនDebaga។
គួរបញ្ជាក់តាមលោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ថា យុទ្ធនាការនៃការវាយរំដោះយកទីក្រុងMosul ដែលត្រូវបានកាន់កាប់ដោយក្រុមISIS កំពុងតែដំណើរការទៅមុខយ៉ាងរលូន និងរហ័សជាងអ្វីដែលលោក បានរំពឹងទុកព្រមទាំងបានសន្យាថានឹងស្ថាបនាទីក្រុងMosul ដែលបានបំផ្លិចបំផ្លាញដោយពួកសកម្មប្រយុទ្ធ ជ្រុលនិយមISIS ឡើយវិញ ហើយលោកបានប្តេជ្ញាថានឹងនាំយកមកឲ្យបាននូវស្ថិរភាព ជូនដល់ប្រជាជន អ៊ីរ៉ាក់ទាំងអស់ ដែលកំពុងរស់នៅក្នុងទីក្រុងMosul ជាកន្លែងប្រមូលផ្តុំធំជាងគេ និងស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ពួកក្រុមISIS ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤៕