(ម៉ានីល)៖ អគ្គស្នងការនគរបាលជាតិហ្វីលីពីន បានព្យួរការងារមន្រ្តីប៉ូលិសជាច្រើនរូប ដែលបានជាប់ពាក់ព័ន្ធនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាជាមួយនិង ក្រុមអ្នកតវ៉ាប្រឆាំងនឹងវត្តមានយោធាអាមេរិក នៅលើទឹកដីនៃប្រទេសហ្វីលីពីន ខណៈលោកក៏បង្ហាញពីការខឹងសម្បារ ចំពោះមន្រ្តីប៉ូលិសដែលបានបើករថយន្ត បំបុកនិងកិនក្រុមបាតុករផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
លោក Ronald Dela Rosa ដែលជាអគ្គស្នងការនគរបាលជាតិ នៃប្រទេសហ្វីលីពីន បានថ្លែងឲ្យដឹងថា «ខ្ញុំខកចិត្តនិងខឹងសម្បារជាខ្លាំង ចំពោះអ្វីដែលបាន កើតឡើងដោយហេតុថា បើយោងទៅតាមគោលការណ៍របស់សមត្ថកិច្ច កងកម្លាំងប៉ូលិស ត្រូវបានណែនាំយ៉ាងតឹងរ៉ឹងបំផុតឲ្យធ្វើយ៉ាងណាប្រើប្រាស់ការ អត់ធ្មត់ជាអតិបរមា នៅក្នងការប្រមូលផ្តុំជាសាធារណៈបែបនេះ»។
ស្នងការប៉ូលិសប្រចាំទីក្រុងម៉ានីល លោក Oscar Albayalde បានប្រាប់ទៅកាន់អ្នកសារព័ត៌មានបារាំង AFP ថា នៅថ្ងៃព្រហស្បតិ៍នេះ មន្រ្តីប៉ូលិសជាន់ខ្ពស់ចំនួន ០៩រូបនិងប៉ូលិសជាន់ទាបចំនួន ៤០នាក់ ត្រូវបានព្យួរការងារជាបណ្តោះអាសន្នសិន ប៉ុន្តែនៅតែទទួលបានប្រាក់បៀវត្សរ៍ ជាធម្មតាដដែល ខណៈការស៊ើបអង្កេតទៅ លើហេតុការណ៍ បើកបំបុកនិងកិនក្រុមបាតុករនេះ កំពុងតែប្រព្រឹត្តទៅ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញនេះ បាតុករប្រមាណ ១,០០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតអាមេរិកប្រចាំនៅហ្វីលីពីនដើម្បីធ្វើការតវ៉ាប្រឆាំង នឹងវត្តមានកងទ័ពអាមេរិក នៅលើទឹកដី នៃប្រទេសហ្វីលីពីន ហើយក្រោយមក ការប៉ះទង្គិចគ្នាក៏បានកើតឡើង ខណៈមន្រ្តីប៉ូលិស ក៏បានបើករថយន្តបំបុកចូលដើម្បី ក្រុមបាតុករថែមទៀតផង ហើយបានកិនពីលើមនុស្សចំនួនបីនាក់ ប៉ុន្តែមិនបានបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។ ដោយឡែកក្រុមប៉ូលិសនិងបាតុករ បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ថាដើមហេតុនៃការប៉ះទង្គិចនេះ៕