Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្នាក់ងារដែលបានជួយការពារលោក ត្រាំ អំឡុងការប៉ុនប៉ងធ្វើឃាតកាលពីឆ្នាំមុន ត្រូវបានតែងតាំងជា ប្រធានកងអង្គរក្ស Secret Service

23-01-2025 15:19

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២២ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកបានជ្រើសរើស លោក Sean Curran ឱ្យកាន់តំណែងជា នាយកទីភ្នាក់ងារកងអង្គរក្ស Secret Service។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Curran គឺជាប្រធានកងការពារសន្តិសុខរបស់លោក ត្រាំ អំឡុងការប៉ុនប៉ងបាញ់ប្រហារធ្វើឃាតលើរូបលោក នៅទីក្រុង Butler នៃរដ្ឋ Pennsylvania កាលពីខែកក្កដា ឆ្នាំ២០២៤។ ក្នុងសេចក្តីប្រកាសខាងលើ លោក ត្រាំ បាននិយាយដូច្នេះថា «លោក Curran បានបង្ហាញភាពអង់អាចក្លាហាន នៅពេលដែលលោកបានប្រថុយជីវិតខ្លួនឯង ដើម្បីជួយសង្រ្គោះជីវិតរបស់ខ្ញុំ ពីគ្រាប់កាំភ្លើង​របស់ឃាតករ នៅទីក្រុង Butler រដ្ឋ Pennsylvania។ ខ្ញុំមានការជឿជាក់ពេញលេញទាំងស្រុងលើ លោក Sean ដើម្បីធ្វើឱ្យទីភ្នាក់ងារ Secret Service របស់សហរដ្ឋអាមេរិក កាន់តែរឹងមាំជាងមុន ថែមទៀត»

គួរបញ្ជាក់ថា លោក Curran បានចូលបម្រើការជាភ្នាក់ងាររបស់ Secret Service តាំងតែពីឆ្នាំ២០០១។ រូបលោកនឹងឡើងកាន់​តំណែងជំនួស លោក Ron Rowe ដែលបានកាន់តួនាទីជា នាយកស្តីទី ចាប់តាំងពីខែកក្កដា ឆ្នាំមុន នៅពេលអតីតនាយក គឺលោកស្រី Kimberly Cheatle បានលាលែងពីតំណែង ក្រោយទីភ្នាក់ងារនេះ ស្ថិតក្រោមការរិះគន់ធ្ងន់ៗ ជុំវិញភាពបរាជ័យ ក្នុងការរារាំងសកម្មភាពប៉ុនប៉ងធ្វើឃាតលើ លោក ត្រាំ។ អំឡុងការប៉ុនប៉ង់ធ្វើឃាតនោះ លោក ត្រាំ បានរងរបួសចំត្រចៀកខាង​ស្តាំ៕