(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២២ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់បញ្ចូល ចលនាក្រុមឧទ្ទាម Houthi នៃប្រទេសយេម៉ែន ជាអង្គការភេរវកម្មហៅថា Foreign Terrorist Organization ឬ FTO សាជាថ្មីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ចំណាត់ការខាងលើ នឹងដាក់ពិន័យផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ថែមទៀត ធៀបនឹងទៅចំណាត់ការរបស់អតីតរដ្ឋបាល លោក ចូ បៃដិន ដែលបានដាក់ចេញប្រឆាំងនឹងក្រុម Houthi ដើម្បីឆ្លើយតបចំពោះ ការវាយប្រហាររបស់ក្រុមដែលគាំទ្រដោយអ៉ីរ៉ង់មួយនេះ ទៅលើ​កប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្ម នៅសមុទ្រក្រហម ក៏ដូចជាលើនាវាចម្បាំងអាមេរិក ដែលការពារច្រកផ្លូវសមុទ្រដ៏សំខាន់នោះ។

ក្រុម Houthi ដែលក្តោបក្តាប់ការគ្រប់គ្រងភាគច្រើននៅប្រទេសយេម៉ែន បានធ្វើសកម្មភាពវាយប្រហារច្រើនជាង១០០លើក លើ​កប៉ាល់ដែលធ្វើដំណើរកាត់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ដោយនិយាយថា សកម្មភាពនោះ គឺជាការបង្ហាញ​សាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីន ជុំវិញសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ កប៉ាល់យ៉ាងហោច ២គ្រឿងបានលិច ១គ្រឿងត្រូវបានរឹបអូស ហើយនាវិក៤នាក់បានស្លាប់។

គួរបញ្ជាក់ថា ភ្លាមៗក្រោយពេលឡើងកាន់អំណាច កាលពីឆ្នាំ២០២១ លោក បៃដិន បានទម្លាក់ចោលវិញ នូវការចាត់បញ្ជូលក្រុម Houthis ជាអង្គការភេរវកម្ម ធ្វើឡើងដោយ រដ្ឋបាលកាលពីអាណត្តិទីមួយរបស់លោក ត្រាំ (២០១៧-២០២១) ដើម្បីព្យាយាម​ដោះស្រាយបញ្ហាកង្វល់ស្តីពីស្ថានភាពមនុស្សធម៌ នៅក្នុងប្រទេសយេម៉ែន។ យ៉ាងណាមិញ ដោយប្រឈមការវាយប្រហារនៅ​សមុទ្រក្រហម លោក បៃដិន កាលពីឆ្នាំ២០២៤ ក៏បានចាត់បញ្ចូល Houthis ជាអង្គការភេរវករ ហៅថា Specially Designated Global Terrorist ឬ SDGT ឡើងវិញ។ ប៉ុន្តែរដ្ឋបាលរបស់លោក បានសម្រេចចិត្តមិនទាន់ចាត់បញ្ចូល Houthis ជា FTO ឡើងវិញ ដែលមានកម្រិតធ្ងន់ជាង SDGT៕