(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីដូណាល់ ត្រាំ បានណែនាំឱ្យរដ្ឋអាជ្ញានៅអាមេរិក ស៉ើបអង្កេតមន្រ្តីក្នុងតំបន់រូបណា ដែលប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់អន្តោប្រវេសន៍ ខណៈដែលចំណាត់ការថ្មីនេះត្រូវបានគេមើលឃើញថា ជាការបង្រ្កាបកាន់តែខ្លាំងលើបញ្ហាអន្តោប្រវេសន៍របស់លោក ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥។
ក្នុងលិខិតមួយដែល Reuters ទទួលបាន លោក Emil Bove អគ្គមេធាវីរងស្តីទីរបស់លោក ត្រាំ បានប្រាប់ក្រសួងយុត្តិធម៌ថា អាជ្ញាធររដ្ឋ និងនៅមូលដ្ឋាន ត្រូវតែសហការបង្រ្កាបជនអន្តោប្រវេសន៍ខុសច្បាប់ ហើយព្រះរាជអាជ្ញាសហព័ន្ធ នឹងស៉ើបអង្កេតរាល់ឧប្បត្តិហេតុណា ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តមិនត្រឹមត្រូវ រួចដាក់ទោសធ្ងន់ធ្ងរ។ លោក Bove បានសរសេរទៀតថា ក្រសួងយុត្តិធម៌ក៏អាចប្រឈមផ្លូវច្បាប់ដែរ ប្រសិនបើធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែង។
គោលនយោបាយនេះ ត្រូវបានដាក់ចេញនៅពេលដែលរដ្ឋបាលថ្មី កំពុងរៀបចំពង្រឹងគោលនយោបាយអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងទីក្រុងដែលមានជនចំណាកស្រុកច្រើន ហើយបង្កើតបញ្ហាប្រឈមជាមួយមន្ត្រីក្នុងតំបន់ តួយ៉ាងនៅទីក្រុងញូវយ៉ក និងទីក្រុង Chicago បានកំណត់កម្រិតធ្វើកិច្ចសហប្រតិបត្តិការ ជុំវិញការងារបង្រ្កាបជនអន្តោប្រវេសន៍។
គួរបញ្ជាក់ថា កាលពីអាណត្តិទី១ របស់លោក ត្រាំ ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ មានក្រុមមន្រ្តីខាងគណបក្សប្រជាធិបតេយ្យ បដិសេធសហការ ក្នុងកិច្ចប្រឹងប្រែងអនុវត្តច្បាប់អន្តោប្រវេសន៍ ហើយអ្នកខ្លះប្តេជ្ញាប្រឆាំងនឹងរូបលោកម្តងទៀត៕