(អូស្រ្តាលី)៖ ទូរស័ព្ទដៃ iPhone 7 ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple និងជាម៉ូដែលទូរស័ព្ទកំពុងតែពេញនិយមនៅលើពិភពលោកនោះ បានផ្ទុះឆាបឆេះឡើង បន្ទាប់ពីបុរសជនជាតិអូស្រ្តាលីម្នាក់ បានទុកទូស័ព្ទដៃនេះចោលនៅក្នុងរថយន្ត ហើយវាបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ផ្នែកខាងក្នុងនៃរថយន្តថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Yahoo News នាយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។

លោក Mat Jones បានអះអាងថា ទូរស័ព្ទដៃ iPhone 7 របស់លោកបានផ្ទុះឡើង និងបានបណ្តាលឲ្យឆេះស្ទើតែគ្មានសល់អ្វីនូវផ្នែកខាងក្នុង នៃរថយន្តរបស់លោក។ លោក Jones បានប្រាប់ពីដំណើរដើមទងថា លោកបានទុកស្មាតហ្វូនដែលជាម៉ូដែល iPhone 7 នៅក្រោមសម្លៀកបំពាក់ នៅក្នុងរថយន្ត ខណៈពេលដែលលោកបានចេញទៅបង្រៀនការជិះក្តាលើទឹករលក ប៉ុន្តែស្រាប់តែពេលត្រឡប់មកវិញ លោកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញថា មានផ្សែងខ្មៅអួរអាប់នៅពេញក្នុងរថយន្ត ហើយលោកបានប្រាកដក្នុងចិត្តថា iPhone ច្បាស់ជាប្រភពចាប់ផ្តើមនៃការឆាបឆេះនេះ។

លោក Mat Jones បានបញ្ជាក់ថា លោកទើបតែបានទិញទូស័ព្ទដៃនេះកាលពីសប្តាហ៍មុនតែប៉ុណ្ណោះ ហើយមិនធ្លាប់ធ្វើធ្លាក់ ឬក៏សាកវាជាមួយនឹងប្រដាក់សាកថ្មជជុះនោះដែរ៕