(វ៉ាស៊ីនតោន)៖ វាអាចជារឿងមួយគួរឱ្យភ្ញាក់ផ្អើល ដែលបុរសអាមេរិកស្បែកខ្មៅវ័យក្មេងម្នាក់ ឈ្មោះថា Danney Williams បានអះអាងថាខ្លួនគឺជាកូនប្រុសលួចលាក់ របស់លោក បៀល គ្លីនតុន ដែលត្រូវជាស្វាមី របស់បេក្ខភាពប្រធានាធិបតីអាមេរិក នៃគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន។ មិនតែប៉ុណ្ណោះបុរសរូបនេះ ថែមទំាងបានព្រមានថានឹងដាក់ពាក្យបណ្តឹង ទៅកាន់តុលាការបើសិនជា អតីតប្រធានាធិបតីអាមេរិកលោក បៀល បដិសេធក្នុងការធ្វើតេស្ដ DNA រកការពិតនោះ។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុង Las Vigas ជាទីដែលលោក បៀល គ្លីនតុន បានចូលរួមគាំទ្រ លោកស្រី គ្លីនតុន នៅក្នុងវេទិកាតស៊ូមតិលើកចុងក្រោយជាមួយ លោក ដូណាល់ ត្រាំ នោះលោក Danney Williams បាននិយាយថា «ខ្ញុំពិតជាចង់ដឹងណាស់ថាតើគាត់ (លោក បៀល) ជាឪពុករបស់ខ្ញុំឬក៏មិនមែន ព្រោះថាខ្ញុំពិតជាចង់ចាប់ដៃគាត់ និងទទួលស្គាល់គាត់ជាឪពុក»។ Danney Williams បានបន្ថែមថា ប្រាក់សម្រាប់ធ្វើដំណើរមកកាន់ទីក្រុង Las Vigas គឺបានមកពីការរៃអង្គាសពីមិត្តភក្តិរបស់ខ្លួន។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើន បាននំាគ្នាចុះផ្សាយថា អតីតប្រធានាធិបតី អាមេរិក លោក បៀល គ្លីនតុន ធ្លាប់មានកូនប្រុសលួចលាក់ ជាមួយស្រ្ដីរកស៊ីផ្លូវភេទម្នាក់ នៅអំឡុងពេលលោកកាន់ដំណែងជាអភិបាលរដ្ឋ Arkansas៕