(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរអំណាច លោក Yoon Suk Yeol នៅថ្ងៃអង្គារនេះបានចូលរួមសវនាការតុលាការធម្មនុញ្ញដើម្បីការពារចំណាត់ការរបស់លោក ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីដើមខែធ្នូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។

លោក Yoon បានបដិសេធការចោទប្រកាន់ថា បានបញ្ជាឱ្យចាប់ខ្លួន សមាជិកសភា ដោយអះអាងថា កងកម្លាំងពិសេសដែលបញ្ជូនទៅសភា មិនមែនមានបំណងបិទ ឬរារាំងសភានោះទេ ព្រោះលោកជ្រាបយ៉ាងច្បាស់ ថា ទង្វើបែបនេះនឹងបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរ។

មេធាវីរបស់លោក ក៏បានការពារចំណាត់ការរបស់លោក Yoon​ ដោយលើកឡើងថា ច្បាប់អាជ្ញាសឹកគ្រាន់តែជាវិធានការព្រមានប្រឆាំងនឹងការរំលោភបំពានរបស់គណបក្សប្រជាធិបតេយ្យ ដែលបានធ្វើឱ្យរដ្ឋាភិបាលខ្វិន និងបាន រុញច្រានរបបប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញរបស់ប្រទេស ទៅដល់ចំណុច មួយដែលជិតដួលរលំ។

គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំង រួមជាមួយនឹងគណបក្ស តូចៗមួយចំនួន និងសមាជិក ១២រូបនៃគណបក្សអំណាចប្រជាជនរបស់លោក Yoon ផ្ទាល់ បានបោះឆ្នោតគាំទ្រឱ្យមានការចោទប្រកាន់លោក កាលពីថ្ងៃទី ១៤ ខែធ្នូ ដោយសំឡេងភាគច្រើន ពីរភាគបី៕