(តេហេរ៉ង់)៖ រឿងរ៉ាវទាក់ទងនឹងនាវាចម្បាំងអាមេរិកនៅក្នុងដែនសមុទ្រក្រហម ដែលបានទទួលរងការវាយប្រហារនោះ បានរីករាលដាលជាព័ត៌មានយ៉ាងឆាប់រហ័សស្តីពីអ្នកដែលជាប់ពាក់ព័ន្ធ ហើយឆ្លើយតបចំពោះព័ត៌មានទាំងនោះ ក្រសួងការបរទេសអ៊ីរ៉ង់បានចេញមុខទាត់ចោលព័ត៌មានដែលថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងការបាញ់គ្រាប់មីស៊ីលខាងលើនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Qasemi បានធ្វើការឆ្លើយតបខាងលើនេះ ទៅនឹងការលើកឡើងពីសំណាក់មន្ត្រីយោធាអាមេរិកម្នាក់ ដែលបានលើកឡើងថាប្រទេសអ៊ីរ៉ង់ប្រហែលជា មានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារដោយគ្រាប់មីស៊ីល ប្រឆាំងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដែលបានចល័តនៅក្នុងដែនសមុទ្រក្រហមក្បែរប្រទេសយ៉េមែន។
លោក Qasemi បញ្ជាក់ដូច្នេះថា «រឿងមិនទាន់ប្រាកដ, ការសង្ស័យ, និង ការអះអាងបែបប្រឌិត ដោយគ្មានមូលដ្ឋាននោះជាការយល់ច្រឡំរបស់អាមេរិកតែឯង។ រដ្ឋាភិបាលអាមេរិកគួរតែប្រយ័ត្នខ្លួន ចំពោះក្រុមដែលព្យាយាមពន្លិចខ្លួនឯង ទៅក្នុងសង្គ្រាមដ៏ឃោឃៅប្រឆាំងនឹងប្រជាជនយ៉េមែន និងការព្យាយាមបង្កភាពតានតឹងនៅប្រទេសនេះថែមទៀត»។
គួរបញ្ជាក់ថានៅថ្ងៃពុធ មេបញ្ជាការយោធាមួយរូបរបស់អាមេរិក លោក Joseph Votel បានថ្លែងថា ប្រទេសអ៊ីរ៉ង់ប្រហែលជាស្ថិតនៅពីក្រោយការវាយប្រហារកាលពីពេលថ្មីៗនេះ ទៅលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដែលកន្លងមកអាមេរិកបានចោទប្រកាន់ទៅលើពួកឧទ្ទាម Houthi Shiite នៅប្រទេសយ៉េមែន ដែលកំពុងតែហែកហួរដោយសង្គ្រាម៕