(ប៉េកំាង)៖ ខណៈចិនមានសង្ឃឹមថាអាចនឹងស្ដារទំនាក់ទំនងឡើងវិញជាមួយហ្វីលីពីន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានគូសបញ្ជាក់ប្រាប់សមាជិកការិល័យនយោបាយ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដ វៀតណាម លោក Dinh The Huynh នៅក្នុងជំនួបមួយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងប៉េកំាង និងទីក្រុង ហាណូយ គួរតែឱ្យតម្លៃជាវិជ្ជមានលើទំនាក់ទំនងទ្វេភាគី សំដៅដោះស្រាយការខ្វែងគំនិតគ្នា រួមទំាងបង្កើន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើកគ្រប់វិស័យ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនសិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី ២០ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងជំនួបនោះដែរ ប្រធានាធិបតីចិនក៏បានជម្រុញឱ្យគណបក្សកុម្មុយនីស្ដ នៃប្រទេសទំាងពីរបន្តចែក រំលែកបទសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាពង្រឹងការកសាងសមត្ថភាពនៃវិស័យអភិបាលកិច្ចថ្នាក់ជាតិ។ ដោយឡែកជាការឆ្លើយតប លោក Dinh The Huynh បានថ្លែងថា ការលើកឡើងរបស់លោកស៊ី អាចចាត់ទុកបានថាជាជម្រើសនយោបាយ និងយុទ្ធសាស្ត្រសមស្របមួយសម្រាប់វៀតណាម ដើម្បីបង្កើន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយចិន។ លោក Dinh The Huynh បានបន្ថែមថា គណបក្សកុម្មុយនីស្ដវៀតណាមមានបំណងពង្រឹងជំនឿទុកចិត្តនយោបាយក្នុងការបង្កើត ប្រព័ន្ធសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាងពីរ។
គួរបញ្ជាក់ថាទំាងប្រទេសចិន វៀតណាម និងហ្វីលីពីន សុទ្ធតែជាភាគីជម្លោះនៅក្នុងសំណុំរឿង សមុទ្រចិនខាងត្បូង ប៉ុន្តែមួយរយៈពេលចុងក្រោយនេះរដ្ឋាភិបាលរបស់លោក ឌូធើតេ បានបង្ហាញទំនោរបង្កើតសម្ព័ន្ធភាពថ្មីមួយជាមួយនឹងចិន ដែលនេះអាចជាក្ដីកង្វល់មួយសម្រាប់ទីក្រុង ហាណូយ ព្រោះថាចង់ឬមិនចង់ វៀតណាមអាចនឹងបាត់សម្លេងមួយដើម្បីតវ៉ាជាមួយចិន៕