(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់០៤នាក់ ក្នុងនោះ មានក្មេងជំទង់ពីរនាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតបានបាត់ខ្លួន នៅក្នុងហេតុការណ៍រអិលបាក់ដី បង្កឡើងដោយខ្យល់ព្យុះទីហ្វុង Super Haima ដែលបានវាយប្រហារមកលើតំបន់ភាគខាងជើងនៃកោះ Luzon ប្រទេសហ្វីលីពីនចាប់តាំងពីថ្ងៃពុធមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
ខ្យល់ព្យុះទីហ្វុង Haima បក់បោកក្នុងល្បឿងរហូតដល់ទៅ ៣១៥គីឡូម៉េត្រ/ម៉ោង និងបានធ្វើដំណើរទៅដល់ ខេត្ត Cagayang នៅល្ងាចថ្ងៃពុធ ហើយបានធ្វើដំណើរទំាងយប់ទៅកាន់តំបន់ភ្នំភាគខាងជើងនៃកោះLuzon ជាទីដែលព្យុះទីហ្វុងកំណាចមួយនេះបានបង្កការបំផ្លិចបផ្លាញធ្ងន់ធ្ងរ។ Haima គឺជាព្យុះទីហ្វុងមួយក្នុង ចំណោមព្យុះដ៏កំណាចជាច្រើន ដែលបានវាយប្រហារមកហ្វីលីពីន តួយ៉ាងការវាយប្រហាររបស់ ព្យុះទីហ្វុង Haiyan កាលពីឆ្នាំ២០១៣ បានផ្ដាច់យកអាយុជីវិតប្រជាជនហ្វីលីពីនជាង ៧,៣៥០នាក់។
គួរបញ្ជាក់ថាព្យុះទីហ្វុង Super Haima ត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង មុននឹងសំដៅទៅកាន់ទីក្រុងហុងកុង និងភាគខាងត្បូងប្រទេសចិន៕