លោក ដូណាល់ ត្រាំ៖ អាមេរិកត្រូវការកោះ Greenland របស់ដាណឺម៉ាក ដើម្បីសន្តិសុខអន្តរជាតិ (Video inside)
21-01-2025 14:34
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវតែគ្រប់គ្រងដែនកោះ Greenland ដើម្បីធានាសន្តិសុខអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ Reuters។
លោក ត្រាំ បានលើកឡើងដូចខាងលើ នៅពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើន ក្នុងបន្ទប់ការិយាល័យ Oval Office នៃសេតវិមាន នាថ្ងៃដំបូងនៃការឡើងកាន់អំណាចជាថ្មី សម្រាប់អាណត្តិទី២ ក្នុងនាមជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ លោក ត្រាំ បានបង្ហាញចំណាប់អារម្មណ៍ ចង់បានកោះ Greenland ដែលជាតំបន់ស្វយ័តរបស់ប្រទេសដាណឺម៉ាក ក្លាយជាផ្នែកនៃសហរដ្ឋអាមេរិក ចាប់តាំងពីលោកបានជាប់ឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំមុន។ រូបលោក មិនបានច្រានចោល លទ្ធផលនៃការប្រើប្រាស់អំណាចយោធា ឬសេដ្ឋកិច្ច ដើម្បីបញ្ចុះបញ្ចូលឱ្យដាណឺម៉ាក យល់ព្រមប្រគល់ Greenland ឱ្យមកអាមេរិក នោះឡើយ។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីកោះ Greenland លោក Mute Egede ដែលបានបង្កើនកិច្ចប្រឹងប្រែងដើម្បីឯករាជ្យ ធ្លាប់បានចេញមុខនិយាយម្តងហើយម្តងទៀតថា ដែនកោះនេះ មិនមែនជារបស់សម្រាប់ទិញលក់នោះទេ ហើយវាអាស្រ័យលើប្រជាជនរបស់ Greenland ផ្ទាល់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចអនាគតរបស់ពួកគេ៕