(វ៉ាស៉ីនតោន)៖ នៅថ្ងៃចូលកាន់តំណែងផ្លូវការ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងលុបចោលសកម្មភាពប្រតិបត្តិជិត ៨០នៃអតីតរដ្ឋបាលលោក ចូ បៃដិន ហើយនឹងដាក់ចេញនូវបទប្បញ្ញត្តិបន្ទាន់មួយដើម្បីរំសាយមន្រ្តីអាណត្តិមុន ក៏ដូចជាផ្អាកការជ្រើសរើសមន្រ្តីថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ ២០២៥។

លោក ត្រាំ បានប្រាប់អ្នកមកចូលរួមពិធីស្បថ​របស់លោក នៅឯវិមាន Capital រដ្ឋធានីវ៉ាស៉ីនតោន ដូច្នេះថា «​ខ្ញុំ​នឹង​លុបចោល​សកម្មភាព​ប្រតិបត្តិ​ដែល​នាំឱ្យខាតបង់ជិត ៨០ នៃ​រដ្ឋបាល​មុន»​។ លោក ត្រាំ បន្តថា «ខ្ញុំក៏នឹងដាក់បទបទប្បញ្ញត្តិបន្ទាន់មួយ ដែលនឹងបញ្ចប់ការងាររបស់មន្រ្តីការិយាល័យលោក បៃដិន ហើយផ្អាកជាបណ្តោះអាសន្នក្នុងការជ្រើសរើសមន្រ្តីថ្មី ដើម្បីធានាថាយើងជ្រើសរើសតែមនុស្ស ដែលស្មោះត្រង់ចំពោះសាធារណជនអាមេរិក»

នៅក្នុងបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សេតវិមានបានឱ្យដឹងថា អំឡុងពេល ១២០ថ្ងៃក្រោយការប្រកាសបទបញ្ជា មន្ត្រីរដ្ឋាភិបាលនឹងតាមដានការអនុវត្ត ហើយបញ្ជូនរបាយការណ៍ ទៅឱ្យទីភ្នាក់ងារដឹកនាំផែនការជ្រើសរើសមន្រ្តីសហព័ន្ធ ដើម្បីស្តារគុណភាពនៃសេវាកម្មរដ្ឋាភិបាលឡើងវិញ។

ក្រុមមន្រ្តីរបស់លោក ត្រាំ ក៏បានប្រកាសពីបង្កើតក្រុមប្រឹក្សាមួយ ដែលនឹងអនុវត្តការកាត់បន្ថយមន្រ្តីរដ្ឋាភិបាលក្នុងចំនួនច្រើន ក៏ដូចជាការលុបចោលនូវភ្នាក់ងារមួយចំនួនរបស់រដ្ឋាភិបាលផងដែរ។ សេចក្តីប្រកាស ដែលរៀបចំអស់រយៈពេលជាច្រើនខែមកហើយ គឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងជាច្រើនទៀត ដើម្បីរំសាយការងារសហព័ន្ធរបស់មន្ត្រីនៃរដ្ឋបាលមុន។

បើតាមក្រុ​មអ្នកជំនាញ ការរឹតបន្តឹងថ្មីលើការជ្រើសរើសមន្រ្តី របត់ការងារភ្លាមៗ រួមទាំងសម្ពាធជុំវិញការកាត់បន្ថយមន្រ្តី នឹងជំរុញឱ្យមន្រ្តីសហព័ន្ធដើរចេញពីរដ្ឋាភិបាល៕