(ប៉េកាំង)៖ ក្រោមការសម្របសម្រួលរបស់ចិន យោធាមីយ៉ាន់ម៉ានិងក្រុមប្រដាប់អាវុធជនជាតិភាគតិច កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាផ្លូវការ កាលពីថ្ងៃសៅរ៍។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសចិន ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ក្នុងសន្និសីទ សារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា កិច្ចប្រជុំរវាងភាគីទាំងពីរបានប្រព្រឹត្តទៅនៅទីក្រុង Kunming ភាគនិរតីរបស់ចិន ជាកន្លែងដែលពួកគេបានថ្លែងអំណរគុណដល់ចិនសម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សន្តិភាព។

លោកស្រី Mao បានថ្លែងថា «ការធ្វើឱ្យស្ថានការណ៍នៅភាគខាងជើងមីយ៉ាន់ម៉ាមានភាពស្ងប់ស្ងាត់ គឺជាផលប្រយោជន៍រួមរបស់ភាគីទាំងអស់ និងរួមចំណែកដល់សន្តិសុខតាមព្រំដែន»។ ទន្ទឹមគ្នានេះ លោកស្រីបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តជំរុញយ៉ាងសកម្មនូវសន្តិភាព និងការសន្ទនា ព្រមទាំងផ្តល់ការគាំទ្រ និងជំនួយដល់ដំណើរការសន្តិភាពនៅភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា។

MNDAA គឺជាផ្នែកមួយនៃ «សម្ព័ន្ធបងប្អូនបី» រួមជាមួយកងទ័ពរំដោះជាតិតាអុង និងកងទ័ពអារ៉ាកានដែលបានបើកការវាយលុកប្រឆាំងរបបយោធាតាំងពីចុងខែតុលាឆ្នាំ២០២៣ ដោយដណ្តើមបានទឹកដីជាច្រើននៅតាមព្រំដែនជាមួយចិន។

គួរបញ្ជាក់ថា ប្រទេសចិនដែលមានព្រំដែនជាប់មីយ៉ាន់ម៉ាជាង២.០០០គីឡូម៉ែត្រ មានការព្រួយបារម្ភពីភាពវឹកវរ ដែលអាចប៉ះពាល់ដល់ការវិនិយោគ និងពាណិជ្ជកម្ម។ ទោះបីជាធ្លាប់មានកិច្ចព្រមព្រៀងបទឈប់បាញ់ស្រដៀងគ្នានេះ កាលពីខែមករាឆ្នាំ២០២៤ តែវាបានដួលរលំទៅវិញក្នុងរយៈពេលប៉ុន្មានខែក្រោយមក។

កិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់ចិន ក្នុងគោលបំណងស្វែងរកស្ថិរភាពនៅតាមព្រំដែនរបស់ខ្លួនជាមួយមីយ៉ាន់ម៉ា។ ទោះយ៉ាងណាជោគជ័យយូរអង្វែងនៃបទឈប់បាញ់នេះនៅតែមិនទាន់ច្បាស់លាស់៕