(ប៉េកាំង)៖ កាលពីថ្ងៃទី១៩ ខែមករា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើសន្និសីទសារព័ត៌មាននៃ “កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥” ដើម្បីឧទ្ទេសនាមពីកម្មវិធី និងចំណុចលេចធ្លោ នៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ហើយប្រកាសជាផ្លូវការ នូវបញ្ជីឈ្មោះរបស់ពិធីករពិធីការរិនី និងការរចនានៃឆាកសម្តែង។
លោក Jiang Wenbo សមាជិកគណៈកម្មការកិច្ចការអ្នកនិពន្ធ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា CMG បានជំរុញយ៉ាងសកម្មនូវការច្នៃប្រឌិតដោយរួមបញ្ចូលនូវ "គំនិត+ សិល្បៈ + បច្ចេកវិទ្យា" ដើម្បីលើកកម្ពស់ឥតឈប់ឈរ នូវគុណភាពរូបភាព និងសំឡេងនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ បង្កើតជាកម្មវិធីសិល្បៈដ៏អស្ចារ្យមួយដែលប្រកបដោយគំនិតល្អៗ លក្ខណៈកម្សាន្ត និងបច្ចេកវិទ្យាជឿនលឿននៅយប់ថ្ងៃដាច់ឆ្នាំ ជូនចំពោះជនជាតិចិនជុំវិញពិភពលោក ដើម្បីកំដរទស្សនិកជនទាំងអស់គ្នា ទទួលឆ្នាំម្សាញ់។
លោក Zhang Guofei អ្នកទទួលខុសត្រូវមជ្ឈមណ្ឌលកម្មវិធីអក្សសាស្រ្ត និងសិល្បៈនៃ CMG បានថ្លែងថា ក្នុងនាមជាកម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃ CMG ជាលើកដំបូង បន្ទាប់ពីបុណ្យចូលឆ្នាំចិន ត្រូវបានដាក់បញ្ចូលក្នុង បញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កម្មវិធីឆ្នាំនេះបានរួមបញ្ចូល នូវធាតុផ្សំនៃបេតិកភណ្ឌវប្បធម៌អរូបីចិន និងវប្បធម៌នៃបុណ្យចូលឆ្នាំថ្មីចិន ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន លើពិភពលោក និងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក៕
វិទ្យុមិត្តភាពកម្ពុជាចិន