(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បានជួបសមភាគីឥណ្ឌា និងជប៉ុន នៅក្នុងទីក្រុងវ៉ាស៉ីនតោន ហើយបាននិយាយថា ការអញ្ជើញរដ្ឋមន្រ្តីការបរទេស Quad មកចូលរួមពិធីស្បថចូលកាន់តំណែងរបស់ លោក ដូណាល់ ត្រាំ សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ នៅក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ ២០២៥។
ក្រុមមន្រ្តីបានឱ្យដឹងថា សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Marco Rubio ដែលនឹងក្លាយជារដ្ឋមន្រ្តីការបរទេសរបស់លោក ត្រាំ នាថ្ងៃចន្ទនេះ កំពុងស្វែកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស Quad នៅថ្ងៃបន្ទាប់។ Quad រួមមានអូស្រ្តាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ដែលបង្កើតឡើងដើម្បីចែករំលែកក្តីបារម្ភ អំពីការកើនឡើងនូវឥទ្ធិពលចិន។
លោកស្រី Wong បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា «អូស្រ្តាលី ស្ថិតនៅលើផ្លូវនៃការបង្កើនការចំណាយនៃវិស័យការពារជាតិ។ ការផ្តោតអារម្មណ៍ខ្លាំងរបស់យើងគឺ ទៅលើរបៀបចែករំលែកក្នុងកិច្ចព្រមព្រៀង AUKUS ពីព្រោះយើងជឿថាសមត្ថភាពយោធា មានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ និងជាវិធីសាស្រ្តមួយដើម្បីទទួលបានសន្តិភាព»៕