(មូស្គូ)៖ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី២០ ខែមករានេះ អនុប្រធានរដ្ឋសភានៃប្រទេសស្លូវ៉ាគី លោក Tibor Gaspar បាននិយាយថា អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte ព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីបំបាក់មុខរុស្ស៉ីនៅអឺរ៉ុប។

ការលើកឡើងរបស់លោក Gaspar ដូច្នេះគឺដើម្បីឆ្លើយតបទៅនឹងពាក្យសម្តីលោក Rutte ដែលនិយាយថា EU ប្រហែលជាត្រូវ​រៀន​និយាយ​ភាសា​រុស្ស៉ី ​ក្នុង​រយៈពេល ៤ ទៅ៥ឆ្នាំ​ទៀតមិនខានឡើយ ប្រសិនបើប្រទេស​ជា​សមាជិក​ណាតូ ​មិន​ព្រម​បង្កើន​ការ​ចំណាយផ្នែកយោធា​របស់ខ្លួនទេនោះ»។ លោក Gaspar បានបន្ថែមថា «មានពេលមួយក្នុងប្រវត្តិសាស្ត្រ យើងក៏ធ្លាប់ស្ថិតក្រោមឥទ្ធិពល នៃអតីតសហភាពសូវៀតដែរ ដូច្នេះសម្តីលោក Rutte គឺមានបំណងបង្កើត អាកប្បកិរិយាអវិជ្ជមានចំពោះរុស្ស៉ី»។

គួរបញ្ជាក់ថា តាមលោក Gaspar ទំនាក់ទំនងរវាងស្លូវ៉ាគី និងរុស្ស៉ី ផ្តោតចម្បងលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អភិវឌ្ឍទំនាក់ទំនងក្នុងវិស័យវប្បធម៌ និងកីឡាដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា។ ស្លូវ៉ាគី ត្រូវបានគេមើលឃើញថា កាន់តែងាកទៅខាងរុស្ស៉ីថែមទៀត ជាពិសេសនៅក្រោយពេលដែល អ៊ុយក្រែនសម្រេចមិនបន្តកិច្ចព្រមព្រៀង ដឹកជញ្ជូនឧស្ម័នឆ្លងកាត់ ដែលនាំឱ្យការផ្គត់ផ្គង់ឧស្ម័នរុស្ស៉ី ទៅកាន់ទីផ្សារអឺរ៉ុបត្រូវកាត់ផ្តាច់៕