(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបានបង្ហាញការស្វាគមន៍និងសាទរ ចំពោះការចាប់ផ្តើមចូលជាធរមាន នៃបទឈប់បាញ់ ដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយ សម្រាប់សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលមកទល់ពេលនេះ បានអូសបន្លាយពេលលើស១៥ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។
កិច្ចព្រមពៀងឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមានជាផ្លូវការ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ដើម្បីបើកផ្លូវ សម្រាប់ការដោះដូរអ្នកទោសប៉ាឡេស្ទីន ជាមួយចំណាប់ខ្មាំងអ៉ីស្រាអែល។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងដូច្នេះថា «ចិនស្វាគមន៍ការចូលជាធរមាន នៃបទឈប់បាញ់ហ្កាហ្សា។ យើងសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្តពេញលេញនិងខ្ជាប់ខ្ជួន ហើយបទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងជាអចិន្រ្តៃយ៍មួយ នៅហ្កាហ្សា នឹងសម្រេចបានថែមទៀត»។
គួរបញ្ជាក់ថា តាំងពីដើមមក ចិនបានប្រកាន់ជំហរអាណិតអាសូរ ចំពោះបុព្វហេតុប៉ាឡេស្ទីន ហើយគាំទ្រដំណោះស្រាយរដ្ឋពីរ សម្រាប់ជម្លោះរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ កាលពីឆ្នាំមុន ចិនបានធ្វើជាម្ចាស់ផ្ទះ ឱ្យក្រុមហាម៉ាស និងក្រុមហ្វាតា ដែលជាក្រុមធំៗទាំងពីររបស់ប៉ាឡេស្ទីន ចុះកិច្ចព្រមព្រៀងស្តីពីការបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ នៅហ្កាហ្សា ក្រោយពេលសង្រ្គាមបិទបញ្ចប់៕