(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបានប្រហារជីវិតបុរសម្នាក់ ដែលបានផ្តាច់ជីវិតមនុស្សចំនួន៣៥នាក់ ក្នុងសកម្មភាពបើករថយន្តបំបុក នៅឯទីក្រុង Zhuhai ភាគខាងត្បូងប្រទេស កាលពីខែវិច្ឆិកា ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា «តុលាការនៅទីក្រុង Zhuhai ទើបតែបានអនុវត្តការប្រហារជីវិតលើ លោក Fan Weiqiu ដោយអនុលោមតាមបទបញ្ជាប្រហារជីវិត ដែលចេញដោយតុលាការកំពូល»។ បុរសរូបនោះ ត្រូវបានតុលាការសម្រេច​ផ្តន្ទាទោសប្រហារជីវិត កាលពីចុងខែធ្នូ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា សកម្មភាពបើករថយន្តបំបុកនោះ បានកើតឡើងនៅមជ្ឈមណ្ឌលហាត់កីឡាមួយកន្លែង ហើយបើតាមយោងទៅតាម​សាលក្រមរបស់តុលាការ បុរសខាងលើ បានធ្វើយ៉ាងដូច្នោះ ដើម្បីបញ្ចេញកំហឹងរបស់ខ្លួន បន្ទាប់ពីមិនសប្បាញចិត្ត ជុំវិញលទ្ធផលនៃការលែងលះជាមួយប្រពន្ធ។ ក្រៅពីមនុស្ស៣៥នាក់ស្លាប់ នៅមានជនរងគ្រោះ៤៣នាក់ទៀត ទទួលរងរបួស ខណៈ​វាគឺជាករណីវាយប្រហារដ៏ប្រល័យបំផុតមួយ ក្នុងប្រវត្តិសាស្រ្តសម័យទំនើបនៃប្រទេសចិន៕