(ហ្សាការតា)៖ លទ្ធផលនៃការស្ទង់មតិមួយ បានបង្ហាញឱ្យឃើញនាថ្ងៃចន្ទនេះថា ប្រជាជនឥណ្ឌូណេស៉ីជិត៨១ភាគរយ ពេញចិត្តចំពោះការដឹកនាំរបស់ ប្រធានាធិបតីលោក Prabowo Subianto ក្រោយការឡើងកាន់អំណាចបាន១០០ថ្ងៃ ខណៈអត្រាដ៏ខ្ពស់បែបនេះ ត្រូវបានអះអាងថា ដោយសារតែការអនុវត្តបានឆាប់រហ័ស តាមពាក្យសន្យារបស់លោក អំឡុងពេលឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។
ការស្ទង់មតិកាលពីចន្លោះថ្ងៃទី៤-១០ ខែមករា ធ្វើឡើងក្រុមស្រាវជ្រាវនៃកាសែតឥណ្ឌូណេស៉ី Kompas បានបង្ហាញថា ៨០.៩% នៃអ្នកចូលរួមស្ទង់មតិប្រមាណ១០០០នាក់ ពេញចិត្តនឹងរបៀបដឹកនាំរបស់លោក ដែលផ្តោតការយកចិត្តទុកដាក់ចំពោះប្រជាជន ហើយបានកត់សម្គាល់ថា រូបលោកចាប់ផ្តើមអនុវត្តបានភាគច្រើន នូវការសន្យារបស់លោក កាលពីអំឡុងពេលឃោសនាបោះឆ្នោត។ មិនតែប៉ុណ្ណោះ អ្នកចូលរួមស្ទង់មតិរហូតដល់៩៤.១% ក៏បានយល់ឃើញថា លោក Prabowo បង្ហាញរូបភាពល្អ ក្នុងនាមជាប្រធានាធិបតី ផងដែរ។
អ្នកដែលពេញចិត្តចំពោះការដឹកនាំរបស់លោក Prabowo បានលើកហេតុផលថា កម្មវិធីភាគច្រើន ដែលត្រូវបានសន្យា គឺបានចាប់ផ្តើមអនុវត្តទៅហើយ ជាពិសេសនោះ គឺកម្មវិធីចម្បងបំផុតរបស់លោក ដែលជាគម្រោងផ្តល់អាហារដោយឥតគិតថ្លៃ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៦ ខែមករា សម្រាប់ក្មេងៗសិស្សសាលា ហើយស្រ្តីមានផ្ទៃពោះ ហើយ លោក Prabowo កំពុងព្យាយាមពន្លឿនកម្មវិធីនេះបន្ថែមទៀត ដើម្បីសម្រេចឱ្យដល់គោលដៅ នៃអ្នកត្រូវទទួលបានអត្ថប្រយោជន៍ សរុបចំនួនជិត៨៣លាននាក់។
ចំណែក ហេតុផលមួយទៀត នៅពីក្រោយអត្រាប្រជាប្រិយភាពខ្ពស់ខាងលើ នោះគឺការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក ក្នុងការរឹតត្បិតការបង្កើនពន្ធអាករលើតម្លៃបន្ថែម (VAT) តែចំពោះទំនិញនិងសេវាកម្មបែបប្រណីតប៉ុណ្ណោះ។ ម៉្យាងវិញទៀត អ្នកស្ទង់មតិ ក៏បានកោតសរសើរ ផែនការរបស់លោក Prabowo ក្នុងការផ្តល់សេវាពិនិត្យសុខភាពឥតគិតថ្លៃ ជួសជុលកែលម្អសាលារៀន និងសាងសង់មន្ទីរពេទ្យបន្ថែម ផងដែរ។
គួរបញ្ជាក់ថា លោក Prabowo បានឡើងកាន់អំណាច កាលពីខែតុលា ឆ្នាំ២០២៤ ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី ក្នុងលទ្ធផលភ្លូកទឹកភ្លូកដី ដោយមានកូនប្រុសរបស់អតីតប្រធានាធិបតី លោក Joko Widodo ធ្វើជាបេក្ខជនអនុប្រធានាធិបតីរបស់លោក។ អត្រាប្រជាប្រិយភាពខាងលើរបស់លោក Prabowo គឺខ្ពស់ជាងអត្រា៦៥.១% របស់លោក Widodo ក្រោយការឡើងកាន់អំណាច១០០ថ្ងៃ ទៅទៀត៕