(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសម្តែងការពេញចិត្តខ្លាំងចំពោះដំណើរទស្សនកិច្ច របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ មកកាន់ទីក្រុងប៉េកាំងពេលនេះ ហើយកិច្ចចាប់ផ្តើមដំបូងនៃជំនួបពិភាក្សាជាផ្លូវការលើកទីមួយនេះ មេដឹកនាំទាំងពីរបានសន្យាថា នឹងស្តារទំនាក់ទំនងការទូតឲ្យប្រសើរឡើងវិញ ព្រមទាំងធ្វើការពង្រឹងទំនាក់ទំនងនៃវិស័យការពារជាតិ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
អនុរដ្ឋមន្ត្រីការបរទេសចិន លោក Liu Zhenmin ដែលជាអ្នកឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាននានា ជុំវិញដំណើរទស្សនកិច្ចដ៏សំខាន់នេះបានបញ្ជាក់ថា លោក ស៊ី បានចាត់ទុកទស្សនកិច្ចរបស់លោក ឌូធើតេ ជាជោគជ័យសម្រាប់ប្រទេសទាំងពីរ ក្នុងការស្តារទំនាក់ទំនងរវាងគ្នានិងគ្នាឡើងវិញ។ លោក ស៊ី ជិនពីង បានសន្យាថែមទៀតថា ចិននឹងអនុញ្ញាតឲ្យមានការនាំចូលផលិតផលកសិកម្មពីប្រទេសហ្វីលីពីនឡើងវិញ ព្រមជាមួយនឹងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុទៅលើគំរោងការណ៍កសាងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសហ្វីលីពីនផងដែរ។
គួរបញ្ជាក់ថានៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំកំពូលចិន និងហ្វីលីពីនបានជួបពិភាក្សាគ្នានៅមហាវិមានទីក្រុង ប៉េកាំង ជាទីកន្លែងដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ដែលបិះនឹងធ្លាក់ចូលទៅក្នុងជម្លោះ យ៉ាងជ្រាលជ្រៅរវាងគ្នាដោយសារតែបញ្ហាសមុទ្រចិនខាងត្បូងទៅហើយនេះ។ ដោយឡែកសម្រាប់បញ្ហា សមុទ្រចិនខាងត្បូងវិញមេដឹកនាំចិនបានលើកឡើងថា មិនមែនជាការរារាំងចំពោះទំនាក់ទំនងរវាង ប្រទេសទាំងពីរនោះឡើយ៕