(វ៉ាស៉ីនតោន)៖ លោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដាច់អហង្ការ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ទៅថា ក្រុមហាម៉ាស់នឹងមិនគ្រប់គ្រងតំបន់ហ្កាហ្សាទៀតនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ ២០២៥។

ទោះជាមានភាពមិនប្រាកដប្រជាច្រើន អំពីដំណើរការអនុវត្ត ការស្ដារតំបន់ហ្កាហ្សាឡើងវិញ និងការធានាបានស្ថេរភាពរយៈពេលវែងក៏ដោយ ប៉ុន្តែលោក Waltz ដែលជាអតីតសមាជិកសភា និងអ្នកនយោបាយជើងចាស់ តាំងពីសម័យអន្តរាគមន៍នៅអាហ្វហ្គានីស្ថាន ហាក់បង្ហាញនូវសុទិដ្ឋនិយមខ្លាំង។ លោក Waltz គូសបញ្ជាក់ថា «ពួកគេ (ហាម៉ាស) មិនអាចធ្វើជាអង្គការភេរវករ គ្រប់គ្រងនៅហ្កាហ្សាទៀតឡើយ។ អ៉ីស្រាអែលនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើ ហើយអាមេរិកក្រោមការគ្រប់គ្រងរបស់ លោក ត្រាំ នឹងគាំទ្រពួកគេ។ នោះមិនមែនមានន័យថា អវត្តមានក្រុមហាម៉ាស ឬការបន្តប្រយុទ្ធគ្នានោះទេ ប៉ុន្តែនឹងមានផ្លូវដ៏លំបាកមួយនាពេលខាងមុខ»។

បើតាមក្រុមអ្នកវិភាគ ទាល់តែមានដំណោះស្រាយផ្នែកការទូតខ្លាំងក្លា អូសបន្លាយពេល និងត្រូវផ្តោតការយកចិត្តទុកដាក់ ទើបអាចបង្កើតអនាគតដ៏មានស្ថិរភាព និងសន្តិភាពសម្រាប់ហ្កាហ្សា ប៉ុន្តែលោក Waltz និយាយថា លោក ត្រាំ មានសមត្ថភាពធ្វើឱ្យវាកើតឡើងបាន៕