(វ៉ាស៉ីនតោន)៖ លោក JD Vance ដែលនឹងក្លាយជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានជួបអនុប្រធានាធិបតីចិន លោក Han Zheng កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ មួយថ្ងៃមុនពេល លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ ២០២៥។

ដំបូងឡើយ លោក ត្រាំ បានអញ្ជើញប្រធានាធិបតីចិន លោក ស៉ី ជីនពីង ឱ្យមកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក បន្ទាប់ពីឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំមុន។ ប៉ុន្តែ លោក ស៉ី ​បាន​បញ្ជូន​លោក Han ឱ្យមក​ជំនួស​។ ក្រុមការងារនៃរដ្ឋបាល លោក ត្រាំ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Vance និងលោក Han បានពិភាក្សាអំពីប្រធានបទជាច្រើន រួមទាំងបញ្ហាថ្នាំ fentanyl តុល្យភាពពាណិជ្ជកម្ម ក៏ដូចជាស្ថិរភាពក្នុងតំបន់។ ជំនួបនេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងលោក ស៉ី បានជជែកគ្នាតាមទូរស័ព្ទលើបញ្ហា​មួយចំនួន ដូចជាកម្មវិធី TikTok ពាណិជ្ជកម្ម និង​តៃវ៉ាន់។

គួរបញ្ជាក់ថា កាសែត Wall Street Journal បានរាយការណ៍កាលពីពេលថ្មីៗថា លោក ត្រាំ ធ្លាប់ប្រាប់ទីប្រឹក្សាថា លោកចង់ធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពីស្បថចូលកាន់តំណែង៕