(Reuters)៖ បណ្ដារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ASEAN នៅ​ឯកិច្ចប្រជុំចង្អៀតមួយកាលពីចុងសប្ដាហ៍កន្លងទៅ បានប្រកាន់ជំហរដដែល ដោយរក្សាការសម្រេចចិត្តរបស់ខ្លួន ក្នុងការហាមថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន និងកំណត់ការចូលរួមរបស់មីយ៉ាន់ម៉ាត្រឹមកម្រិតមិនមែនអ្នកនយោបាយ។ នេះជាការបញ្ជាក់របស់ម៉ាឡេស៊ីដែលឆ្នាំនេះជាប្រធានអាស៊ាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា អាស៊ានក៏បានប្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរថាឱ្យគិតគូរជាអាទិភាពលើការស្វែងរកសន្តិភាព ជាជាងការរៀបចំការបោះឆ្នោត នៅចំពោះមុខការកើនឡើងជម្លោះ នៅក្នុងសង្រ្គាមស៊ីវិលក្នុងប្រទេសជាសមាជិកអាស៊ានមួយនេះ ហើយចាប់ផ្ដើមកិច្ចសន្ទនា និងបិទបញ្ចប់អរិភាពជាបន្ទាន់។ អាស៊ានបានអំពាវនាវាជាច្រើនលើកច្រើនសារមកហើយ ឱ្យភាគីសង្រ្គាមនៅមីយ៉ាន់ម៉ាបញ្ឈប់ ការវាយប្រយុទ្ធគ្នា និងបានប្រាប់អ្នកតំណាងរបបសឹកថាឱ្យអនុញ្ញាតលំហូរជំនួយមនុស្សធម៌ទៅដល់ដៃជនស៊ីវិលដោយគ្មានការរំខាន។

គួរបញ្ជាក់ថា ម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ បានប្រកាសពីការតែងតាំងអតីតអ្នកការទូត លោក ឧស្មាន ហាស៊ីម (Othman Hashim) ជាបេសកជនពិសេសទទួលបន្ទុកលើវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីដែល UN និយាយថាតម្រូវការបន្ទាន់នៃជំនួយមនុស្សធម៌កំពុងស្ថិតនៅកម្រិតខ្ពស់បំផុត ដោយប្រជាជនជិត ២០លាននាក់ ឬច្រើនជាងមួយភាគបីនៃប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវការជំនួយជាបន្ទាន់។ មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុង ភាពចលាចលនៃសង្រ្គាមស៊ីវិល ក្រោយយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី កាលពីឆ្នាំ២០២១៕