(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្វាគមន៍ដល់បទឈប់បាញ់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ហើយបាននិយាយថារថយន្ដដឹកជំនួយមនុស្សធម៌រាប់រយគ្រឿងបាន និងកំពុងចូល ទៅកាន់ផ្នែកតំបន់ឆ្នេរនៃតំបន់ហ្កាហ្សា ដើម្បីរួសរាន់ផ្ដល់ជំនួយដល់ជនស៊ីវិល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង North Charleston នៃរដ្ឋ South Carolina លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) ស្នូរគ្រាប់កាំភ្លើងនៅក្នុងតំបន់ហ្កាហ្សា បាន ប្រែជាស្ងប់ស្ងាត់...យើងរំពឹងថារថយន្ដដឹកជំនួយមនុស្សធម៌រាប់រយគ្រឿងនឹងចូលទៅក្នុងតំបន់ហ្កាហ្សា ដូចដែលខ្ញុំបាននិយាយកន្លងមក»

គួរបញ្ជាក់ថា ភាគច្រើនលើសលុបនៃជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក និងប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស អំឡុង សង្រ្គាមអូសបន្លាយពេលជាង១៥ខែមកនេះ ដែលបានផ្ទុះឡើងក្រោយក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕