(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីចុងសប្ដាហ៍កន្លងទៅថាលោកប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមទីប្រឹក្សារបស់លោកថារូបលោកនឹង ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅបន្ទាប់ពីស្បថចូលកាន់តំណែង។

Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនបានដឹងពីកិច្ចពិភាក្សាខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ លោក ត្រាំ កន្លងមកក៏ធ្លាប់បានបង្ហាញផងដែរពីបំណងចង់ធ្វើដំណើរ ទៅកាន់ប្រទេសចិន អំឡុង១០០ថ្ងៃដំបូងនៃការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ លោក ដូណាល់ ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា (ម៉ោងនៅ វ៉ាស៊ីនតោន) ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អនុប្រធានាធិបតីចិន លោក Han Zheng នឹងត្រូវចូលរួមក្នុងពិធីរបស់លោក ត្រាំ ខណៈទីក្រុងប៉េកាំងអះអាងថាត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។

គួរបញ្ជាក់ថា បើតាម Wall Street Journal លោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ តាមរយៈអ្នកតំណាងរបស់មេដឹកនាំទាំង២ ក៏បានពិភាក្សាគ្នាផងដែរពីជំនួបទល់មុខ ជាមួយជម្រើសលោក ត្រាំ អញ្ជើញលោក ស៊ី ជីងពីងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែ ខាងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយអ្វីទេ៕