(ហ្ស៊េរុយសាឡិម)៖ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ៣នាក់ រីឯអ៉ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីន៩០នាក់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ដែលជាថ្ងៃទី១ នៃបទឈប់បាញ់ មានរយៈពេល៦សប្ដាហ៍ ដែលនឹងផ្អាកជាបណ្ដោះអាសន្ននូវសង្រ្គាមដ៏បំផ្លិចបំផ្លាញលើតំបន់ហ្កាហ្សា និងដុតបញ្ឆេះភាពតានតឹងនៅមជ្ឈិមបូព៌ា អស់រយៈពេលជាង១៥ខែមកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស​ បានសម្រួលឱ្យជនជាតិប៉ាឡេស្ទីនអាចវិលត្រឡប់ទៅកាន់ភូមិកំណើតរបស់ពួកគេវិញ ខណៈរថយន្ដដឹកជំនួយមនុស្សបានចែកចាយជំនួយចាំបាច់នានា។ ព្រមពេលជាមួយ នៅស្ទើរគ្រប់ទីកន្លែងក្នុងតំបន់ហ្កាហ្សា គេឃើញប្រជាជនប៉ាឡេស្ទីនជាច្រើនបានអបអរសាទរដល់ក្រុមអ្នកប្រយុទ្ធហាម៉ាស ដែលបានចេញពីកន្លែងលាក់ខ្លួនបង្ហាញខ្លួននៅតាមដងផ្លូវ ហើយ នៅឯទីក្រុង Ramallah នៃតំបន់ West Bank ឯណោះវិញ កាំជ្រួចត្រូវបានបាញ់ដើម្បីអបអរសាទរ នៅពេលរថយន្ដដឹកអ្នកទោសប៉ាឡេស្ទីន បានធ្វើដំណើរមកដល់។

ក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែង ក្នុងនោះរួមមានស្ត្រី៦៩នាក់ និងយុវជន២១នាក់មានដើមកំណើតមកពីតំបន់ West Bank និង Jerusalem។ នេះបើតាមក្រុមហាម៉ាស។

គួរបញ្ជាក់ថា នៅទីក្រុង Tel Aviv ប្រជាជនអ៉ីស្រាអែលជាច្រើន ក៏បានស្រែកអបអរ និងស្វាគមន៍ចំណាប់ខ្មាំងអ៉ីស្រាអែលជាស្ត្រី៣នាក់ ដែលត្រូវបានក្រុមហាម៉ាសដោះលែង ក្រោមក្របខណ្ឌដំណាក់កាលទី១ នៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងផងដែរ។ ក្នុងដំណាក់កាលទី១នេះ មានចំណាប់ខ្មាំង៣៣នាក់ នៅក្នុងចំណោមចំណាប់ខ្មាំងជិត១០០នាក់ ដែលកំពុងជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា នឹងត្រូវបានដោះលែង។ ប៉ុន្តែ គេនៅតែមានការសង្ស័យនៅឡើយចំពោះបទឈប់បាញ់ ស្របពេលអ៉ីស្រាអែលបានព្រមានថាខ្លួនរក្សាសិទ្ធិធ្វើសង្រ្គាមឡើងវិញគ្រប់ពេលបើចាំបាច់ រីឯដំណាក់កាលទី២ និង៣ នៃបទឈប់បាញ់នឹងត្រូវចរចាគ្នាបន្តទៀត៕