Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការពារជាតិស៊ីរីថ្មី ច្រានចោលសំណើរក្សាឯករាជ្យយោធារបស់ក្រុមយុទ្ធជនឃឺដ SDF (Video inside)

19-01-2025 19:41

(ដាម៉ាស)៖ រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ស៊ីរី លោក Murhaf Abu Qasra បានច្រានចោលសំណើរបស់ក្រុមយុទ្ធជនឃឺដ (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការរក្សាឯករាជភាពផ្នែកយោធា នៅក្នុងកងកម្លាំងប្រដាប់អាវុធស៊ីរី ដែលនឹងត្រូវធ្វើសមាហរណកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងទៅកាន់ Reuters លោក Abu Qasra បានបញ្ជាក់ថា ក្រុមយុទ្ធជនឃឺដដែលត្រូវបានគេស្គាល់ថា ជាកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នឹងត្រូវបញ្ចូលទៅក្នុងក្រសួងការពារជាតិ តាមឋានានុក្រមដូចក្រុមប្រដាប់អាវុធផ្សេងទៀតដែរ។ លោកបានចោទប្រកាន់មេដឹកនាំ SDF ពីបទ «ពន្យារពេល» ក្នុងការពិភាក្សាជុំវិញការធ្វើសមាហរណកម្មនេះ។

SDF ដែលគ្រប់គ្រងតំបន់ពាក់កណ្តាលស្វយ័តនៅភាគឦសានស៊ីរី ចង់រក្សាស្ថានភាពជាប្លុកយោធាដាច់ដោយឡែក ទោះបីជាចូលរួមជាមួយក្រសួងការពារជាតិក៏ដោយ។ សំណើនេះត្រូវបានមេដឹកនាំ SDF លោក Mazloum Abdi លើកឡើងនៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Asharq កាលពីសប្តាហ៍មុន។

អាទិភាពចម្បងរបស់រដ្ឋមន្ត្រីស៊ីរី ចាប់តាំងពីចូលកាន់តំណែង គឺការរួមបញ្ចូលបក្សពួកប្រឆាំងជាច្រើន ទៅក្នុងរចនាសម្ព័ន្ធបញ្ជាការឯកភាពមួយ។
ទោះបីជាការធ្វើសមាហរណកម្មជាមួយ SDF មានភាពស្មុគស្មាញ ដោយសារទំនាក់ទំនងរបស់ក្រុមនេះ ជាមួយទាំងសហរដ្ឋអាមេរិក និងតួកគីក៏ដោយ ក៏លោក Abu Qasra សង្ឃឹមថានឹងបញ្ចប់ដំណើរការនេះ រួមទាំងការតែងតាំងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួននៅត្រឹមថ្ងៃទី ១ ខែមីនា។

គួរបញ្ជាក់ថា ការបដិសេធសំណើររបស់រដ្ឋមន្ត្រីការពារជាតិស៊ីរី ចំពោះការទាមទាររបស់ SDF ក្នុងការរក្សាឯករាជ្យភាពផ្នែកយោធា បង្ហាញពីភាពតានតឹងដែលអាចកើតមាន រវាងរដ្ឋាភិបាលថ្មីនិងក្រុមជនជាតិឃឺដ ខណៈ
អនាគតនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរនៅតែមិនច្បាស់លាស់នៅឡើយ៕