(អង់ការ៉ា)៖ យោធានៃប្រទេសតួកគីបានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា កងយន្តហោះចម្បាំងតួកគី បានវាយប្រហារតាមផ្លូវអាកាសដោយទម្លាក់គ្រាប់បែកចំនួន២៦លើក ស្លាប់ពួកឧទ្ទាមឃើដអស់ប្រមាណ ២០០នាក់នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
យោធាប្រទេសតួកគីបានឲ្យដឹងទៀតថា យន្តហោះចម្បាំងតួកគីបានបើកការវាយប្រហារទៅលើតំបន់ចំនួន ១៨កន្លែង ដែលត្រូវបានកាន់កាប់ដោយពួកឧទ្ទាមឃើដនៅស៊ីរី YPG ហើយបានកម្ទេចអគារចំនួន០៩ខ្នង រថពាសដែកមួយគ្រឿង និងរថយន្តចំនួនបួនគ្រឿងផ្សេងទៀត ដែលជារបស់ពួកក្រុមឧទ្ទាមឃើដYPG។
គួរបញ្ជាក់ថាប្រទេសតួកគី ដែលជាអ្នកគាំទ្រធំមួយរបស់ពួកក្រុមប្រឆាំងនឹងប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានលូកដៃចូលក្នុងជម្លោះនៅស៊ីរីកាលពីខែសីហាកន្លងទៅនេះ ដោយបានប្រើសព្វាវុធទាំងផ្លូវគោក និងផ្លូវអាកាសដ៏មានឥទ្ធិពលដើម្បីជួយពួកក្រុមប្រឆាំង Free Syrian Amry វាយកាន់កាប់តំបន់មួយចំនួន នៅជាប់ព្រំដែល តួកគី-ស៊ិរី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកក្រុមរដ្ឋអ៊ីស្លាម ISIS៕