(ប៉េកំាង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះ បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកំាង នៃសមាភាគី ហ្វីលីពីនលោក លោក រ៉ូឌ្រីហ្គោ ឌូធើតេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀល ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងដែរថា ថ្នាក់ដឹកនាំទំាងពីរនឹងធ្វើកិច្ចពិភាក្សាផ្លូវការ ក៏ដូចជាចូលរួមពិធីចុះហត្ថលេខាលើឯកសារជាច្រើនស្ដីពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកំាង ដែលនេះអាចនឹងក្លាយជាចំណុចរបត់ថ្មីមួយនៃទំនាក់ទំនងការទូត ចិន-ហ្វីលីពីន ខណៈប្រទេសទំាងពីរកំពុងមានជម្លោះនឹងគ្នាជុំវិញដែនអធិបតេយ្យភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
ទោះបីជាបែបណាក្តីប្រធានាធិបតីហ្វីលីពីន បានបង្ហាញពីចេតនារបស់លោក ច្បាស់លាស់រួចមកហើយកាលពីថ្ងៃពុធ ដែលហាក់ដូចជាមិនចង់លើកយកសាលក្រមរបស់តុលាការអន្តរជាតិទីក្រុងឡាអេ ជារបៀបវារៈសំខាន់នៃកិច្ចប្រជុំជាមួយលោក ស៊ី ជិនពីង នោះឡើយ។
លោក ឌូធើតេ បានទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន តាំងពីថ្ងៃអង្គារ ដើម្បី បំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០៤ថ្ងៃ ក្នុងទីក្រុងប៉េកំាង ដែលនេះគឺជាដំណើរទស្សនកិច្ច ជាលើកដំបូងបំផុត របស់លោកមកកាន់ប្រទេសក្រៅពីតំបន់អាស៊ាន ចាប់តំាងពីលោក ចូលកាន់ដំណែងជាប្រធានាធិបតី នៅចុងខែមិថុនាកន្លងមក។ បន្ទាប់ពីទស្សនកិច្ចនៅចិន លោក ឌូធើតេ គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេស ជប៉ុន ចាប់ពីថ្ងៃទី២៥-២៧ ខែតុលានេះ។
គួរបញ្ជាក់ថា នៅមុនពេលជួបពិភាក្សាផ្ទាល់ជាមួយលោក ស៊ី ជិនពីង លោក ឌូធើតេ បានថ្លែងទៅកាន់ សហគមន៍ហ្វីលីពីនថា ប្រទេសលោកបានទទួលផលចំណេញតិចតួចប៉ុណ្ណោះ ពីទំនាក់ទំនងដ៏យូអង្វែងជាមួយសហរដ្ឋអាមេរិក ដោយលោកសង្កត់ធ្ងន់ថា «អ្នក (សហរដ្ឋអាមេរិក) បានស្ថិតនៅក្នុងប្រទេសរបស់យើងដើម្បីតែ ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះវាដល់ពេលនិយាយលាគ្នាហើយមិត្តសំឡាញ់!។ ខ្ញុំនឹងមិនទៅសហរដ្ឋអាមេរិកទៀតនោះទេ ព្រោះថាខ្ញុំអាចនឹងត្រូវគេជេរនៅទីនោះ»៕