(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន បាននិយាយនៅថ្ងៃសៅរ៍ ទី១៨ ខែមករានេះថា ប្លុកអាស៊ាន និងចិនគួរតែវែកផ្លូវឆ្ពោះទៅរកក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលអូសបន្លាយពេលយូមកហេីយ ដេីម្បីដោះស្រាយនូវបញ្ហាចាក់ស្រេះ ។ នេះេីបយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សមុទ្រចិនខាងត្បូង នៅតែជាប្រភពនៃភាពតានតឹងរវាងចិន និងហ្វីលីពីន ក៏ដូចជាវៀតណាម ម៉ាឡេស៉ី ជាដេីម។ សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (អាស៊ន) និងចិនបានសន្យាក្នុងឆ្នាំ ២០០២ ដើម្បីបង្កើតក្រមប្រតិបត្តិមួយ ប៉ុន្តែត្រូវចំណាយពេល ១៥ឆ្នាំដើម្បីចាប់ផ្តើមការពិភាក្សា ហើយវឌ្ឍនភាពមានភាពយឺតយ៉ាវ។

នៅក្នុងបទសម្ភាសន៍មុនកិច្ចប្រជុំថ្ងៃអាទិត្យនេះ ជាមួយសមភាគីអាស៊ាននៅលើកោះ Langkawi របស់ម៉ាឡេស៉ី លោក Enrique Manalo បាននិយាយថា ការពិភាក្សាលើក្រមមួយកំពុងដំណើរការយ៉ាងល្អ ប៉ុន្តែវាក៏ដល់ពេលហើយដើម្បីដាក់ចេញនូវទិដ្ឋភាពកាន់តែស៉ីជម្រៅ។ លោកបាន ប្រាប់ Reuters ថា «យើងគួរព្យាយាមពិនិត្យមើល បញ្ហាដែលយើងសុទ្ធតែយល់ថាមានសារៈសំខាន់ ប៉ុន្តែមិនត្រូវបានពិភាក្សាយ៉ាងម៉ត់ចត់ ឬសូម្បីតែការចរចាក៏មានតិចតួច»។

លោកបានមានប្រសាសន៍ថា ទាំងនេះនឹងរួមបញ្ចូលវិសាលភាពនៃក្រម ថាតើវាមានកាតព្វកិច្ចស្របច្បាប់ និងផលប៉ះពាល់ទៅលើប្រទេសភាគីទីបីដែរឬទេ ដោយបន្ថែមថា គោលបំណងគឺដើម្បីធ្វើឱ្យក្រមប្រតិបត្តិនោះ ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល នៅសមុទ្រចិនខាងត្បូង បានកេីនឡេីងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ចំពេលមានការប្រឈមមុខគ្នាញឹកញាប់ ៕