(បេរូត)៖ នៅថ្ងៃសៅរ៍ ទី១៨ ខែមករានេះ មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានសម្តែងការសាទរដល់ប៉ាឡេស្ទីន ជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោយនិយាយថា វាសបញ្ជាក់ពីជំហរមិនចុះចាញ់ប្រឆាំងអ៉ីស្រាអែល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នេះជាការលើកឡើងជាសាធារណៈលើកដំបូងនៃមេដឹកនាំក្រុមសកម្មប្រយុទ្ធនៅលីបង់ គាំទ្រដោយអ៉ីរ៉ង់ ចាប់តាំងពីអ៉ីស្រាអែល និងក្រុមហាម៉ាស ឈានដល់ចំណុចរួមកាលពីថ្ងៃពុធកន្លងទៅ ដេីម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា។ ប្រសិនបេីមិនមានការប្រែប្រួលទេបទឈប់បាញ់នឹងចូលជាធរមាននៅថ្ងៃអាទិត្យនេះ។
លោក Qassem គូសបញ្ជាក់ថា កិច្ចព្រមព្រៀងដែលមិនផ្លាស់ប្តូរពីអ្វីដែលធ្លាប់ស្នើឡើងក្នុងខែឧសភា ឆ្នាំ ២០២៤ បង្ហាញថាការប្រកាន់ជំហរមិនចុះចាញ់របស់ប៉ាឡេស្ទីន នាំឱ្យពួកគេទទួលបាននូវអ្វីដែលខ្លួនចង់បាន ខណៈអ៉ីស្រាអែលមិនអាចទទួលបានអ្វីដែលខ្លួនចង់បាន។
គួរបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៦០ថ្ងៃរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា សម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ធ្លាប់ត្រូវបានដាក់ចេញនៅក្នុងខែវិច្ឆិកា ឆ្នាំមុន។ ប៉ុន្តែចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក ថាបានបំពានបទឈប់បាញ់៕