(ហ្ស៊េរុយសាឡិម)៖ ក្រសួងយុត្តិធម៌អ៉ីស្រាអែល បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៨ ខែមករា ថាអ្នកទោស និងអ្នកកំពុងជាប់ឃុំជាជនជាតិប៉ាឡេស្ទីន ៧៣៧នាក់ នឹងត្រូវបានដោះលែង ក្រោមក្របខណ្ឌ នៃដំណាក់កាលទី១ នៃបទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលត្រូវបានគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលអនុម័ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងយុត្តិធម៌អ៉ីស្រាអែល បានបញ្ជាក់ទៀតថារដ្ឋាភិបាលបានអនុម័តដោះលែងអ្នកទោស និងអ្នកកំពុងជាប់ឃុំ ក្នុងពន្ធនាគារអ៉ីស្រាអែល ៧៣៧នាក់ ដើម្បីដោះដូរ ជាមួយចំណាប់ខ្មាំងជាជនជាតិអ៉ីស្រាអែល។

គួរបញ្ជាក់ថា ការិយាល័យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាន​ឱ្យដឹងថាគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលបានបោះឆ្នោតអនុម័តហើយលើបទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ដោយបិទបញ្ចប់ភាពមិនច្បាស់លាស់ប៉ុន្មានថ្ងៃមកនេះថាតើបទឈប់បាញ់អាចនឹងចូលជាធរមាននៅចុងសប្ដាហ៍នេះ ដែរឬក៏យ៉ាងណា។

បទឈប់បាញ់ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃអាទិត្យ ទី១៩ ខែមករា ត្រូវបានរំពឹងថានឹងបញ្ឈប់ការវាយប្រយុទ្ធគ្នា រួមទាំងការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។ បទឈប់បាញ់ នៅក្នុង ដំណាក់កាលទី១នេះ ក៏នឹងសម្រួលឱ្យមានការដោះលែងចំណាប់ខ្មាំង៣៣នាក់ ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សាផងដែរ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន៕