(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol មានគម្រោងចូលរួមក្នុងសវនាការមួយនៅឯតុលាការ នៅថ្ងៃសៅរ៍ ទី១៨ ខែមករានេះ ដើម្បីតតាំងក្ដីនឹង សំណើមួយរបស់ក្រុមអ្នកស៊ើបអង្កេតដែលចង់បន្ថែមរយៈពេលឃុំខ្លួនរូបលោក ក្នុងសំណុំរឿងចោទប្រកាន់ពីបទបះបោរ។ នេះបើតាមក្រុមមេធាវីរបស់លោក Yoon ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Yoon កាលពីថ្ងៃពុធកន្លងទៅ បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងបំផុត ដែលត្រូវបានចាប់ខ្លួន ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិន បានសម្រេចកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមអ្នកស៊ើបអង្កេត កាលពីថ្ងៃសុក្រម្សិលមិញ បានស្នើសុំដីកាឃុំខ្លួន ដើម្បីអាចបន្ថែមរយៈពេលឃុំខ្លួនលោក Yoon ដល់២០ថ្ងៃ។ លោក Yoon វិញ បានបដិសេធនិយាយជាមួយក្រុមអ្នកស៊ើបអង្កេត និងកំពុងស្ថិតក្រោមការឃុំខ្លួននៅឯមន្ទីរឃុំឃាំងក្នុងទីក្រុងសេអ៊ូល ចាប់តាំងពីត្រូវបានចាប់ខ្លួនមក។

តាមក្រុមមេធាវីរបស់ប្រធានាធិបតីរូបនេះ លោក Yoon បានសម្រេចចិត្តថានឹងចូលរួមក្នុងសវនាការមួយ ដើម្បីស្ដារកិត្តិយសរបស់លោកឡើងវិញតាមរយៈការពន្យល់ដោយផ្ទាល់ពីភាពស្របច្បាប់ នៃស្ថានការណ៍បន្ទាន់ក្នុងការប្រើប្រាស់ច្បាប់អាជ្ញាសឹក។ ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់លោក Yoon ថាបានប្រព្រឹត្តអំពើបះបោរ តាមរយៈការប្រកាសច្បាប់អាជ្ញាសឹក ហើយដែលបទចោទ បះបោរនេះស្ថិតក្នុងបទព្រហ្មទណ្ឌមួយចំនួនតូចដែលអភ័យឯកសិទ្ធិរបស់ប្រធានាធិបតីកូរ៉េខាងត្បូងកំពុងកាន់អំណាចមិនអាចការពារ លោក Yoon ពីការចោទប្រកាន់បានឡើយ។

គួរបញ្ជាក់ថា ប៉ូលិសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះដែរ បានបំបែកក្រុមអ្នកគាំទ្ររបស់លោក Yoon ដែលបានប្រមូលផ្ដុំគ្នាបិទផ្លូវចូលទៅកាន់តុលាការ​មណ្ឌល​ខាង​លិច​រដ្ឋធានី​សេអ៊ូល​ ជាទីដែល សវនាការត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅ។ ការសម្រេចចិត្តមួយត្រូវបានរំពឹងថាអាចនឹងធ្វើឡើងនៅថ្ងៃសៅរ៍នេះ ឬថ្ងៃអាទិត្យស្អែក៕