(អឺរ៉ុប)៖ ភ្នាក់ងារអវកាសអឺរ៉ុប បានទទួលជោគជ័យយ៉ាងពេញទំហឹង ដោយយានអវកាស ប្រើប្រាស់ឧស្ម័នមេតាន របស់ពួកគេបានធ្វើដំណើរចូលទៅដល់គោចររបស់ ភពអង្គារ បន្ទាប់ពីបានធ្វើការបំបែកខ្លួនចេញពី យានដឹកនាំ កាលពីថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មានវិទ្យាសាស្រ្ត Space ចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ ២០១៦។
ភ្នាក់ងារអវកាសអឺរ៉ុប ESA បានប្រកាសជាផ្លូវការថា យានអវកាសបំពេញបេសកកម្មភពអង្គារ ឆ្នាំ២០១៦ បានជ្រៀតចូលគោចររបស់ភពភពអង្គារ បានសម្រេចកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ តែទោះបីជាយ៉ាងណាក្តី វាមិនទាន់បានធ្វើការចុះចតនៅលើផ្ទៃដី របស់ភពអង្គារ នៅតាមការគ្រោងទុករបស់ ក្រុមអ្នកវិទ្យាសាស្រ្តនៅឡើយទេ ព្រោះគេត្រូវមានភាពប្រយ័ត្ន ប្រយែងបំផុតជាមុន ទាំងពេលវេលា និង បរិយាកាសភពអង្គារ។
ដោយឡែកក្រុមអ្នកវិទ្យាសាស្រ្តនៃ ភ្នាក់ងារអវកាសអឺរ៉ុប ESA មានសង្ឃឹម និងជឿជាក់យ៉ាងមុតមំាថា យានអវកាស «ExoMars Rover » នឹងត្រូវធ្វើការចុះចត នៅលើផ្ទៃដីរបស់ភពអង្គារនាព្រឹកថ្ងៃសុក្រ ស្អែកនេះ ដើម្បីបំពេញបេសកកម្មសិក្សាស្រាវជ្រាវ និងសិក្សាអំពីសម្ពាធខ្យល់ សីតុណ្ហភាពរបស់ភពជាដើម ដែលបេសកកម្មនេះ នឹងត្រូវបានបញ្ចប់នៅក្នុងឆ្នាំ ២០១៨ ខាងមុខនេះ៕