(ហ្ស៊េរុយសាឡិម)៖ ការិយាល័យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាន​ឱ្យដឹងថាគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលបានបោះឆ្នោតអនុម័តហើយលើបទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ដោយបិទបញ្ចប់ភាពមិនច្បាស់លាស់ប៉ុន្មានថ្ងៃមកនេះថាតើបទឈប់បាញ់អាចនឹងចូលជាធរមាននៅចុងសប្ដាហ៍នេះ ដែរឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បទឈប់បាញ់ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃអាទិត្យ ទី១៩ ខែមករា ត្រូវបានរំពឹងថានឹងបញ្ឈប់ការវាយប្រយុទ្ធគ្នា រួមទាំងការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។ បទឈប់បាញ់ នៅក្នុងដំណាក់កាលទី១នេះ ក៏នឹងសម្រួលឱ្យមានការដោះលែងចំណាប់ខ្មាំង៣៣នាក់ ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សាផងដែរ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។

ក្នុងសេចក្ដីប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះ ការិយាល័យលោក Netanyahu បានគូសបញ្ជាក់យ៉ាងខ្លីថា «រដ្ឋាភិបាលបានអនុម័តហើយលើផែនការដោះលែងចំណាប់ខ្មាំង»។

គួរបញ្ជាក់ថា បើតាមយោធាអ៉ីស្រាអែល ចំណាប់ខ្មាំង ២៥១នាក់ត្រូវបានក្រុមហាម៉ាសចាប់ពង្រត់ចូលទៅក្នុងតំបន់ហ្កាហ្សា ក្រោយការវាយប្រហារកាលពីថ្ងៃ៧ ខែតុលា ឆ្នាំ២០២៣ លើ ភាគខាងត្បូងអ៉ីស្រាអែល។ ក្នុងចំណោមចំណាប់ខ្មាំងទាំងនេះមាន៩៤នាក់ កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយក្នុងចំណោមពួកគេទៀតសោតមាន៣៤នាក់ត្រូវបានជឿថាបានស្លាប់៕