(វ៉ាស៊ីនតោន)៖ សមរភូមិតស៊ូដើម្បីអាយុជីវិតនយោបាយរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានចាប់ផ្ដើមហើយ។ ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់ហ្កាហ្សាត្រូវបានប្រកាស កាលពីថ្ងៃទី១៥ ខែមករា លោក Netanyahu ត្រូវប្រឈមមុខនឹងការប្រឆាំងជំទាស់ផ្ទៃក្នុងពីសំណាក់អ្នកនយោបាយស្ដាំនិយមជ្រុល ក្នុងជួររដ្ឋាភិបាលចម្រុះរបស់លោក ហើយដែលការគំាទ្ររបស់ពួកគេ មានជាប់ពាក់ព័ន្ធនឹងអនាគតនយោបាយរបស់លោក។ លោក Itamar Ben Gvir ជារដ្ឋមន្ត្រីសន្តិសុខជាតិអ៉ីស្រាអែល បានប្រកាសកាលពីយប់ថ្ងៃទី១៦ ខែមករា ថាគណបក្សជាតិនិយម Jewish Power របស់លោកនឹងដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះរបស់លោក Netanyahu ប្រសិនបើគណៈរដ្ឋមន្ត្រីអនុម័តទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់។
ការគំរាមរបស់លោក Ben Gvir បានបង្កជាហានិភ័យនៃអស្ថិរភាពក្នុងរដ្ឋាភិបាលរបស់លោក Netanyahu នៅក្នុងកាលៈទេសៈដ៏សំខាន់ បើទោះជាដឹងថាលោកតែម្នាក់ឯងមិនអាចរាំងខ្ទប់បទឈប់បាញ់ហ្កាហ្សា ក៏ពិតមែន។ សំឡេងភាគច្រើនក្នុងគណៈរដ្ឋមន្ត្រីអ៉ីស្រាអែល គឺគាំទ្រឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយគេរំពឹងថាកិច្ចព្រមព្រៀងនឹងត្រូវបានអនុម័ត ទោះជាមិនមានការគាំទ្រពីគណបក្ស Jewish Power និងគណបក្សស្ដាំនិយមជ្រុលមួយផ្សេងទៀត គឺគណបក្ស Religious Zionism ក៏ដោយ។ គណបក្ស Religious Zionism នៅក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ក៏ប្រកាន់ជំហរ ជំទាស់នឹងកិច្ចព្រមព្រៀងបទឈប់បាញ់ដាច់អហង្ការផងដែរ។
Jewish Power មានសំឡេងនៅក្នុងសភា ៦អាសនៈ ក្នុងចំណោមអាសនៈសភាសរុបចំនួន ១២០ ហើយក្នុងករណីគណបក្សនេះដកខ្លួនចេញពីក្រុមចម្រុះដូចការសន្យាមែន នោះវានឹងកាត់បន្ថយសំឡេង ភាគច្រើនរបស់រដ្ឋាភិបាលចម្រុះក្នុងសភា ពី៦៨អាសនៈមកនៅត្រឹម ៦២អាសនៈ។ លោក Ben Gvir បាននិយាយថាលោកអាចនឹងត្រឡប់ចូលរួមក្នុងរដ្ឋាភិបាលចម្រុះវិញ បើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា ចាប់ផ្ដើមឡើងវិញ។ ដោយឡែក លោក Smotrich ដែលគណបក្សរបស់លោកមាន ៧អាសនៈក្នុងសភាបានគំរាមដូចគ្នាថានឹងដើរចេញពីរដ្ឋាភិបាល ប្រសិនបើលោក Netanyahu ហ៊ាន ដំណើរការបទឈប់ដំណាក់កាលទី១ ដែលមានរយៈពេល ៦សប្ដាហ៍ ទៅជាបទឈប់បាញ់អចិន្ត្រៃយ៍មួយ។ ប្រឈមមុខនឹងការគំរាមទាំងនេះ លោក Netanyahu អាចនឹងត្រូវធ្វើការជ្រើសរើសថាតើត្រូវថែរក្សា សំឡេងភាគច្រើននៅក្នុងសភា តាមរយៈការចាប់ផ្ដើមសង្រ្គាមឡើងវិញជាមួយក្រុមហាម៉ាស ឬក៏ត្រូវប្រថុយនឹងការដួលរលំនៃរដ្ឋាភិបាលរបស់លោកនៅពាក់កណ្ដាលផ្លូវនៃអាណត្តិ ៤ឆ្នាំ និងលេងល្បែងនយោបាយ នៅក្នុងការបោះឆ្នោតមុនអាណត្តិ? នៅបន្ទាប់ពីសង្រ្គាមចាយពេលជាង១៥ខែមកនេះ និងខណៈលោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ក្រុមអ្នកវិភាគខ្លះយល់ថាការបិទបញ្ចប់សង្រ្គាម ក្នុងតំបន់ហ្កាហ្សា គឺជាជម្រើសដ៏ល្អមួយសម្រាប់មេដឹកនាំអ៉ីស្រាអែល។
«ការបោះឆ្នោតប្រៀបបានទៅនឹងរឿងរ៉ាវមួយ»។ នេះជាការលើកឡើងរបស់លោក Moshe Klughaft ជាទីប្រឹក្សាយុទ្ធសាស្ត្រអ៉ីស្រាអែលម្នាក់ ដោយបន្ថែមថាក្នុងករណីមានការបោះឆ្នោត រឿងរ៉ាវបន្ទាប់របស់លោក Netanyahu អាចជាសង្រ្គាម ឬក៏សន្តិភាព។ ដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងត្រូវបានរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ជាមួយបទឈប់បាញ់មានរយៈពេល ៦សប្ដាហ៍ ហើយក្នុងរយៈពេលនេះដែរ ចំណាប់ខ្មាំងអ៉ីស្រាអែល ៣៣នាក់នឹងត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន រីឯកងទ័ពអ៉ីស្រាអែលត្រូវដកថយចេញឆ្ងាយពីតំបន់ទីប្រជុំជនក្នុងតំបន់ហ្កាហ្សា។ ដំណាក់កាលទី២ ប្រសិនបើ កើតឡើង នោះវានឹងមានបទឈប់បាញ់ ៦សប្ដាហ៍បន្ថែមទៀត ដែលគេនឹងឃើញចំណាប់ខ្មាំងនៅសេសស់អាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ រួមទាំងការដកកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សា។ ក្រុមគ្រួសារ សាច់ញាតិរបស់ចំណាប់ខ្មាំងបានទទូចអង្វរសុំឱ្យលោក Netanyahu ទុករឿងនយោបាយមួយឡែកសិន ដើម្បីសម្រេចឱ្យកិច្ចព្រមព្រៀមពេញលេញមួយ។ មិនតែប៉ុណ្ណោះ លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថារូបលោក ចង់ឱ្យសង្រ្គាមដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បិទបញ្ចប់។
កាលពីអាណត្តិទី១ លោក ត្រាំ បានជួយឱ្យអ៉ីស្រាអែល និងប្រទេសអារ៉ាប់ចំនួន ៣ ចុះកិច្ចព្រមព្រៀងសន្តិភាពនឹងគ្នា។ បច្ចុប្បន្ន អ៉ីស្រាអែលកំពុងសម្លឹងឃើញលទ្ធភាពភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយអារ៉ាប៊ីសាអូឌីត នៅក្នុងអាណត្តិទី២របស់លោក ត្រាំ ហើយបើអាចសម្រេចបានកិច្ចព្រមព្រៀងពិតមែន នោះវានឹងជួយពង្រឹងសម្ព័ន្ធភាពប្រឆាំងសត្រូវស៊ូពូជរបស់អ៉ីស្រាអែល គឺអ៉ីរ៉ង់។ លោក Klughaft បាននិយាយថាលោកផ្ទាល់ជឿថា វាមានឱកាសច្រើនដែលលោក Netanyahu នឹងជ្រើសរើសយកអារ៉ាប៊ីសាអូឌីត និងការបោះឆ្នោត ជាជាងរើសយកលោក Smotrich និងការបន្តធ្វើសង្រ្គាមនៅហ្កាហ្សា។ លោក Ben Gvir និងលោក Smotrich ចង់ឱ្យ អ៉ីស្រាអែលបន្តធ្វើសង្រ្គាមរហូតទាល់តែកម្ទេចក្រុមហាម៉ាសទាំងស្រុង ហើយសង្ឃឹមថាយោធាអ៉ីស្រាអែលនឹងត្រឡប់ទៅគ្រប់គ្រងតំបន់ហ្កាហ្សាឡើងវិញ ដើម្បីត្រួសត្រាយផ្លូវឱ្យនិគមជនអ៉ីស្រាអែលចូលទៅតាំងទីលំនៅ។ លោក Ben Gvir បានចាត់ទុកកិច្ចព្រមព្រៀងបទឈប់បាញ់ប្រៀបបានទៅនឹងការសុំចុះចាញ់របស់អ៉ីស្រាអែល ចំពោះក្រុមហាម៉ាស និងបានអំពាវនាវឱ្យលោក Smotrich ចូលរួមជាមួយរូបលោកដើម្បីប្រឆាំងបទឈប់បាញ់ ដោយលាលែងចេញពីរដ្ឋាភិបាលចម្រុះជាមួយគ្នា។
ទាំងលោក Ben Gvir និងលោក Smotrich គ្មាននរណាម្នាក់អាចធ្វើឱ្យរដ្ឋាភិបាលចម្រុះដួលរលំតែម្នាក់ឯងបាននោះទេ។ តាមពិតទៅ លោក Ben Gvir បានធ្វើឱ្យដៃគូនៅក្នុងក្រុមចម្រុះអន់ចិត្តរួចទៅហើយ ដោយលោក បានទាមទារដំឡើងប្រាក់ខែខ្ពស់សម្រាប់ប៉ូលិស និងបានបដិសេធគាំទ្ររដ្ឋាភិបាលក្នុងការអនុម័តច្បាប់មួយកាលពីខែធ្នូកន្លងទៅ ជាហេតុបង្ខំឱ្យលោក Netanyahu ងើបចេញពីគ្រែនៅមន្ទីរពេទ្យទាំងមិនទាន់ជាសះស្បើយ ស្រួលបួលផងពីការវះកាត់ក្រពេញប្រូស្តាត។ លោក Netanyahu បានជួបពិភាក្សាជាញឹកញាប់ជាមួយលោក Smotrich នាប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីបញ្ចុះបញ្ចូលឱ្យដៃគូរូបនេះបន្តស្ថិតក្នុងរដ្ឋាភិបាលចម្រុះ។ ក្រោយជំនួបជាង ៣ម៉ោងរវាងលោក Smotrich និងសមាជិកសភាមកពីគណបក្សរបស់លោក កាលពីថ្ងៃទី១៦ ខែមករា គណបក្សបានចេញឱសានវាទមួយដោយទាមទារការធានាមួយពីលោក Netanyahu ថាលោកនឹងចាប់ផ្ដើមសង្រ្គាមឡើងវិញ ជាមួយក្រុមហាម៉ាសភ្លាមៗ នៅក្រោយបទឈប់បាញ់ដំណាក់កាលទី១ ផុតកំណត់ ជាលក្ខខណ្ឌឱ្យលោក Smotrich បន្តស្ថិតក្នុងរដ្ឋាភិបាលតទៅទៀត។
ក្រៅតែពីធ្វើសង្រ្គាមនៅហ្កាហ្សា លោក Netanyahu ក៏កំពុងប្រយុទ្ធតស៊ូនៅក្នុងសំណុំរឿងក្ដីក្ដាំដែលគេចោទរូបលោកពីការប្រព្រឹត្តអំពើពុករលួយ ហើយអាចប្រឈមមុខនឹងហានិភ័យបាតុកម្មតវ៉ា នៅពេលសង្រ្គាមហ្កាហ្សាបិទបញ្ចប់ ពាក់ព័ន្ធនឹងបរាជ័យខាងយោធា និងគោលនយោបាយក្នុងការទប់ស្កាត់ការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីឆ្នាំ២០២៣ទៀតផង។ នៅក្នុងកាលៈទេសៈបែបនេះ ក្រុមអ្នកវិភាគមួយចំនួនយល់ថាលោក Netanyahu អាចនឹង ជ្រើសរើសយកការបំផ្លាញកិច្ចព្រមព្រៀងដំណាក់កាលទី២ ទោះជាហាម៉ាសមិនធ្វើវាមុនក៏ដោយ ដើម្បីការពារកុំឱ្យរដ្ឋាភិបាលចម្រុះរបស់លោកដួលរលំ។ «លោក Netanyahu ចង់បន្តកាន់អំណាច»។ នេះជាការយល់ឃើញរបស់ លោកស្រី Gayil Talshir អ្នកវិទ្យាសាស្ត្រនយោបាយអ៉ីស្រាអែលម្នាក់មកពីសាកលវិទ្យាល័យ Hebrew University of Jerusalem ជាមួយការបន្ថែមថាដូច្នេះលោក Netanyahu គ្មានហេតុផលអ្វីចង់ឱ្យមានការបោះឆ្នោតមុនអាណត្តិ ដែលលោកអាចនឹងចាញ់នោះទេ ហើយលោកចង់បន្តកាន់អំណាចដឹកនាំរដ្ឋាភិបាល ២ឆ្នាំទៅមុខទៀត។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ លោក Netanyahu នៅតែអាចស្វែងរកកិច្ចព្រមព្រៀងជាមួយលោក Smotrich។ ក្នុងករណីដែលលោក Ben Gvir ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះក៏ដោយ ក៏លោក Netanyahu នៅតែអាចដឹកនាំ រដ្ឋាភិបាលសំឡេងភាគតិចយ៉ាងហោចបានមួយរយៈដែរ។ ណាមួយ ក្រុមមេដឹកនាំគណបក្សប្រឆាំងបាននិយាយថាពួកគេនឹងផ្ដល់ឱ្យលោក Netanyahu នូវសុវត្ថិភាពនយោបាយមួយ ដើម្បីបុព្វហេតុសន្តិភាព។ ក្នុងន័យនេះ រដ្ឋាភិបាលចម្រុះអាចនឹងបន្តរស់រានមានជីវិត រហូតដល់ទីបញ្ចប់នៃដំណាក់កាលទី១នៃបទឈប់បាញ់។ នេះបើតាមលោក Yohanan Plesner ជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យអ៉ីស្រាអែល (Isreal Democracy Institute)។
ប៉ុន្តែ តាមអ្នកជំនាញរូបនេះ លោក Netanyahu ប្រហែលជាអាចប្រឈមនឹងការជ្រើសរើសរវាងសំឡេងភាគច្រើនរបស់លោកនៅសភា និងទំនាក់ទំនងរបស់លោកជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ជាពិសេសជាមួយលោក ត្រាំ និងអារ៉ាប៊ីសាអូឌីត ព្រោះវាអាចផ្ដល់ឱ្យលោកនូវឱកាសដើម្បីធ្វើឱ្យមរតកនយោបាយរបស់លោកភ្លឺចែងចាំង។ និយាយជារួម លោក Plesner យល់ថាប្រសិនបើតម្រូវឱ្យជ្រើសរើសរវាងទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋបាលលោក ត្រាំ និងជាមួយលោក Ben Gvir រួមទាំងលោក Smotrich លោក Netanyahu នឹងជ្រើសរើសយកលោក ត្រាំ៕