(ប៉េកាំង)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្មវិធី APP របស់ចិនឈ្មោះ កូនសៀវភៅក្រហម (RedNote)កំពុងទទួលប្រជាប្រិយភាពខ្លាំងនៅអាមេរិក។ ក្នុងតារាងទាញយកកម្មវិធី APP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាមេរិកខាងជើង កម្មវិធី APP បណ្ដាញសង្គមរបស់ចិននេះ បានឡើងកាន់លំដាប់ថ្នាក់ទីមួយ ។ ទិន្នន័យបានបង្ហាញថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា នៅអាមេរិក ចំនួនទាញយកកម្មវិធីAPP កូនសៀវភៅក្រហម បានកើនឡើង២០ដង បើប្រៀបធៀបនឹងរយៈពេល៧ថ្ងៃមុន ហើយបានកើនឡើងលើសពី៣០ដង បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ២០២៤។ អ្នកលេងអ៊ីនធឺណេតរបស់អាមេរិក បានផ្លាស់ប្តូរមតិយោបល់ជាមួយ អ្នកលេងអ៊ីនធឺណេតចិន យ៉ាងសប្បាយរីករាយ ចាប់ពីការបង្ហោះសត្វចិញ្ចឹម និយាយពីការស្លៀកពាក់ រហូតដល់ចែករំលែកអាហារឆ្ងាញ់ៗ ជាដើម។

ហេតុអ្វីបានជាកម្មវិធី APP កូនសៀវភៅក្រហម ទទួលបានប្រជាប្រិយភាពនៅអាមេរិក ? មូលហេតុផ្ទាល់ គឺអនុលោមតាម គោលនយោបាយរបស់អាមេរិកដែលថា បើមិនព្រមលក់ មានតែហាមឃាត់ កម្មវិធី TikTok ដែលជាកម្មវិធីប្រើប្រាស់ នៅបរទេសរបស់កម្មវិធី Douyin ប្រហែលនឹងត្រូវបិទមិនឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី១៩ ខែមករានេះតទៅ ដូច្នេះ អ្នកលេងអ៊ីនធឺណេតរបស់អាមេរិក ដែលចូលចិត្តប្រើកម្មវិធីនេះ បាននាំគ្នាងាកទៅប្រើកម្មវិធី APP កូនសៀវភៅក្រហមវិញ ព្រមទាំងហៅខ្លួនឯងថាជាជនភៀសខ្លួនTikTok ។

ដោយឡែក ខ្លឹមសារនិងប្រធានបទក្នុងកម្មវិធី APP កូនសៀវភៅក្រហមដែលគួរឱ្យចាប់អារម្មណ៍និងប្លែកៗ ធ្វើឱ្យអ្នកលេងអ៊ីនធឺណេតរបស់អាមេរិកចាប់អារម្មណ៍យ៉ាងខ្លាំង ។ មានមនុស្សបានបញ្ចេញមតិថា មិនយល់សោះហេតុអ្វី បានជារដ្ឋាភិបាលអាមេរិកស្រែកថា កម្មវិធី TikTok បានគំរាមកំហែងដល់សន្តិសុខជាតិ ហើយរំពឹងទុកថា កម្មវិធី APP កូនសៀវភៅក្រហមអាចក្លាយជាកម្មវិធីមួយសម្រាប់ធ្វើការផ្លាស់ប្តូរវប្បធម៌។

កម្មវិធី APP កូនសៀវភៅក្រហមបានផ្ទុះល្បីនៅក្នុងអាមេរិក ប្រការនេះបានបង្ហាញឱ្យឃើញថា ប្រជាជននៃប្រទេសទាំងពីរ ចិននិងអាមេរិកសង្ឃឹមថាអាចយល់ដឹងពីគ្នាទៅវិញទៅមក និងធ្វើកាផ្លាស់ប្តូរគ្នាទៅវិញទៅមក ។ មិនថាអ្នកនយោបាយអាមេរិក មួយចំនួនទប់ស្កាត់ការអភិវឌ្ឍរបស់ចិន និងលាបពណ៌មកលើប្រទេសចិនយ៉ាងណាទេ ប៉ុន្តែបំណងឆន្ទៈក្នុងសង្គមស៊ីវិលដែលចង់ធ្វើ ការប្រាស្រ័យទាក់ទងក៏មិនអាចកាត់ផ្ដាច់បានឡើយ។

ប៉ុន្មានឆ្នាំកន្លងមក ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នៃប្រទេសចិននិងអាមេរិក បានជួប “ចរន្តត្រជាក់” ។ ជនអាមេរិកមួយចំនួនបានព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការអភិវឌ្ឍរបស់ចិន ហើយចាត់ទុកប្រទេសចិនជា “ដៃគូប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុត”ដោយខុសឆ្គង ។ ពីការឃោសនាបំប៉ោង “ផ្តាច់ទំនាក់ទំនង” ដល់ការបង្កើតរបាំង ក្រោមការញុះញង់បង្ករឿង ពួកគេបានប្រែក្លាយការទប់ស្កាត់ ប្រទេសចិនទៅជាអ្វីដែលហៅថា “ភាពត្រឹមត្រូវខាងនយោបាយ”ក្នុងឆាកនយោបាយអាមេរិក។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋចិននិងអាមេរិក នៅក្រុងលីម៉ា លោក Xi Jinping ប្រធានរដ្ឋចិនបានបូកសរុបបទពិសោធន៍៧ចំណុច នៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្នុងនោះក៏បូករួមទាំង ចិននិងអាមេរិកគួរតែធ្វើកិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការឱ្យបានច្រើន គួរតែឆ្លើយតបនឹងក្តីបំណង របស់ប្រជាជន បង្កើតនូវធ្នឹមស្ពានសម្រាប់ឱ្យប្រជាជននៃប្រទេសទាំងពីរ ធ្វើការប្រាស្រ័យទាក់ទងនិងធ្វើការផ្លាស់ប្តូរ។

បច្ចុប្បន្ននេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរវាងចិននិងអាមេរិក ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ លើវិស័យមួយចំនួនបានកើនឡើងវិញយ៉ាងនឹងនរ។ យោងតាមការដែលប្រទេសចិនដាក់ចេញជាបន្តបន្ទាប់ នូវវិធានការកិច្ចសម្រួលសម្រាប់ ឱ្យជនបរទេសចូលដែន ពាក្យ “ធ្វើទេសចរនៅចិន” បានក្លាយជាពាក្យពេញនិយមអន្តរជាតិ បុគ្គលល្បីៗតាមអ៊ីនធឺណេតរបស់អាមេរិកជាច្រើន បាននាំគ្នាទៅដើរលេងនៅប្រទេសចិន ។ “ខ្ញុំបានឃើញប្រទេសចិន ដែលមានភាពទំនើប អស្ចារ្យនិងរស់រវើក” “ស្ថានភាពនៅចិនខុសពីការផ្សាយដំណឹង របស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច ទាំងស្រុង” ។ល។ ពួកគេបានចែករំលែកម្ហូបឆ្ងាញ់ៗ ទេសភាពស្អាតៗ ការមើលឃើញ និងការដឹងឮគួរឱ្យចាប់អារម្មណ៍របស់ពួកគេ ជាមួយប្រជាជនអាមេរិករហូតដល់ ប្រជាជនពិភពលោក ធ្វើឱ្យពិភពលោកអាចមើលឃើញ ពីប្រទេសចិនដ៏ពិតប្រាកដ ។

“ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិន និងអាមេរិកពឹងលើប្រជាជន មូលដ្ឋានស្ថិតនៅក្នុងសង្គមស៊ីវិល អនាគតពឹងលើយុវជន មានភាពរស់រវើកស្ថិតនៅក្នុងតំបន់ ។” រំលឹកឡើងវិញពីកាលពីមុន គឺការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជននេះឯង ធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក បានឆ្លងផុតសភាពជាប់គាំង និងវិលទៅរកផ្លូវត្រឹមត្រូវម្តងហើយម្តងទៀត ។ បច្ចុប្បន្ននេះ ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញ ឱ្យឃើញយ៉ាងច្បាស់ជាថ្មីម្តងទៀត តាមរយៈប្រតិបតិ្តការជាក់ស្តែងថា ទ្វារនៃទំនាក់ទំនងរវាងចិននិងអាមេរិក ត្រូវបានបើកដោយប្រជាជន ដរាបណាដែលទ្វារនេះ បើកហើយ ដរាបនោះ ក៏លែងបិទជិតទៀតដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន