(តៃប៉ិ)៖ លោក Mike Pence ដែលជាអតីតអនុប្រធានាធិបតីអាមេរិក កាលជំនាន់លោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតីអាណត្តិទី១ បាននិយាយក្នុងទីក្រុងតៃប៉ិថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួន នៅតំបន់ប៉ាស៉ីហ្វិកនោះទេ ហើយរដ្ឋបាលអាមេរិកថ្មី ក៏គួរតែប្តេជ្ញាចិត្តផ្តល់ឱ្យតៃវ៉ាន់ នូវមធ្យោបាយដើម្បីការពារខ្លួនបន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ ២០២៥។
គេនៅចាំបានថា រដ្ឋបាលដំបូងរបស់លោក ត្រាំ បានផ្តល់ការគាំទ្រខ្លាំងដល់តៃវ៉ាន់ រួមទាំងការលក់អាវុធជាប្រចាំ។ ប៉ុន្តែលោក ត្រាំ ដែលនឹងចូលកាន់តំណែងសម្រាប់អាណត្តិទីពីរ ធ្លាប់ធ្វើឱ្យតៃវ៉ាន់មិនសប្បាយចិត្ត តាមរយៈការអំពាវនាវឱ្យបង់ថ្លៃការពារ និងចោទប្រកាន់ថាបានលួចអាជីវកម្ម semiconductor របស់សហរដ្ឋអាមេរិក អំឡុងពេលឃោសនាបោះឆ្នោតឆ្នាំមុន។
ក្នុងដំណើរលើកដំបូងទៅកាន់កោះតៃវ៉ាន់ លោក Pence គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់រដ្ឋបាលថ្មី និងប្រទេស ដែលស្រឡាញ់សេរីភាពនៅជុំវិញពិភពលោក បន្តប្តេជ្ញាគាំទ្រដល់តៃវ៉ាន់ ដែលត្រូវការការពារសេរីភាពរបស់ខ្លួន។ ក្រៅពីការគាំទ្រផ្នែកយោធា រដ្ឋបាលលោក ត្រាំ ក៏គួរតែចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតៃវ៉ាន់ផងដែរ»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែល លោក Pence បានលើកឡើងនោះ គឺអ្វីដែលរដ្ឋបាលតៃវ៉ាន់ស្វែងរកជាយូរមកហើយ។ លោក Pence ក៏បាននិយាយដែរថា មានការយល់ឃើញទូលំទូលាយ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលថាចិនតំណាងឱ្យ ការគំរាមកំហែងជាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏ធំបំផុតចំពោះសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត នាសតវត្សនេះ៕