(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានចាប់ផ្តើមការអំពាវនាវរកមូលនិធិប្រចាំឆ្នាំ សម្រាប់ឆ្លើយតបទៅនឹង ភាពអាសន្នផ្នែកសុខភាព ប៉ុន្មានថ្ងៃមុនការចូលកាន់តំណែងរបស់ លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតនៃស្ថាប័នមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ ២០២៥។

WHO កំពុងស្វែងរកថវិកាចំនួន ១.៥ពាន់លានដុល្លារ ដើម្បីជួយដល់មនុស្ស ៣០០លាននាក់រស់នៅក្នុងតំបន់ ដែលមានភាពអាសន្នចំនួន ៤២ រាប់ចាប់តាំងពីហ្កាហ្សា រហូតដល់អាហ្វហ្កានីស្ថាន។ ប្រមុខនៃ WHO លោក Tedros Adhanom Ghebreyesus បញ្ជាក់ថា «ប្រសិនបើគ្មានការផ្តល់មូលនិធិគ្រប់គ្រាន់ និងប្រកបដោយនិរន្តរភាពទេ យើងត្រូវប្រឈមមុខនឹងកិច្ចការ ដែលមិនដោះស្រាយបាន នោះគឺជាការសម្រេចចិត្តថានរណាគួរទទួលបានការថែទាំ និងនរណាដែលមិនអាចទទួលបាន»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ធ្លាប់ជាអ្នករួមចំណែកយ៉ាងសំខាន់ ទាំងនៅក្នុងការអំពាវនាវជាបន្ទាន់របស់ WHO និងថវិកាប្រចាំរបស់ខ្លួន ដែលបានកំណត់ចំនួន ៦.៨ពាន់លានដុល្លារពីឆ្នាំ ២០២៤ដល់ឆ្នាំ២០២៥។ កាលពីមុនសហរដ្ឋអាមេរិក បានរួមចំណែកក្នុងមូលនិធិដោះស្រាយភាពអាសន្នផ្នែកសុខភាព កម្រិតខ្ពស់រហូតដល់ ៥០ភាគរយ ប៉ុន្តែសម្រាប់រយៈពេល ២ឆ្នាំបច្ចុប្បន្ន សហរដ្ឋអាមេរិកបានផ្តល់មូលនិធិប្រហែល ៣៤ភាគរយប៉ុណ្ណោះ។

ថវិកានៃមូលនិធិនេះ អាចមានហានិភ័យថែមទៀត នៅពេលដែល លោក ត្រាំ ត្រលប់មកកាន់អាណត្តិទីពីរ ដោយគ្រាន់តែ នៅដំណាក់កាលដំបូង សេតវិមានបានឈានទៅកាត់បន្ថយការផ្តល់មូលនិធិដល់ WHO រួចទៅហើយ ហើយថែមទាំង ប្រកាសជំហរដកសហរដ្ឋអាមេរិក ចេញពីស្ថាប័នសុខភាពនេះទៀត ដោយរិះគន់ទៅលើការដោះស្រាយ បញ្ហាជំងឺកូវីដ១៩ និងទំនាក់ទំនងជិតស្និទ្ធជាមួយចិន៕