(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្ត្រីការបរទេសលោក John Kerry បានសន្យាថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារទីក្រុងសេអ៊ូល ព្រមទាំងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូងឱ្យបានកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាន បើទោះបីជាមានការជំទាស់ពី ចិន រុស្ស៊ី និងកូរ៉េខាងជើង ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់លោក John Kerry ធ្វើឡើងនៅក្នុងកិច្ចប្រជុំ «២បូក២» ជាមួយនឹង សមាភាគីកូរ៉េខាងត្បូង នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ (ពេលវេលានៅអាមេរិក)។ សម្រាប់សហរដ្ឋអាមេរិក THAAD គឺជាវិធានការពារកូរ៉េខាងត្បូងដ៏ល្អបំផុតពីការវាយប្រហារ ជាយថាហេតុណាមួយ ដោយគ្រាប់មីស៊ីល ឬអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។
លោកJohn Kerry បានលើកឡើងដូច្នេះថា «សហរដ្ឋអាមេរិកនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលចំាបាច់ដើម្បីការពារខ្លួនឯង ក៏ដូចជាធានាសុវត្ថិភាព និងសន្តិសុខចំពោះសម្ព័ន្ធមិត្តរបស់យើង ហើយយើងនឹងដាក់ពង្រាយ THAAD ឱ្យបានកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាននៅលើទឹកដីសម្ព័ន្ធមិត្ត កូរ៉េខាងត្បូងរបស់យើង»។
គួរបញ្ជាក់ថា ទីក្រុងប៉េកំាង បានជំទាស់យ៉ាងខ្លំាងចំពោះគំរោងដាក់ពង្រាយ THAAD របស់ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកថាវាគឺជាការគំរាមកំហែងមួយដល់តុល្យភាព អំណាចនៅក្នុងតំបន់ និងសន្តិសុខរបស់ចិន ជាក់ស្ដែងកាលពីសប្ដាហ៍មុន ឧត្ដមសេនីយ៍ចិន លោក Cai Jun បានលើកឡើងថា «ការដាក់ពង្រាយ THAAD នឹងមិនបានចូលរួមចំណែកអ្វី ក្នុងការរក្សាសន្តិភាព និងស្ថេរភាពនៅតំបន់ឧបទ្វីបកូរ៉េឡើយ»៕