(ប៉េកាំង)៖ ចំនួនប្រជាជនសរុបនៅប្រទេសចិន បានបន្តធ្លាក់ចុះកាលពីឆ្នាំ២០២៤ ពោលគឺជាការធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា ហើយក្រុមអ្នកជំនាញបាននិយាយថា និន្នាការនេះ នឹងមានសន្ទុះកាន់តែលឿនថែមទៀត ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥។
ការិយាល័យជាតិស្ថិតិរបស់ចិន បាននិយាយថា ចំនួនប្រជាជនសរុបនៅក្នុងប្រទេសចិន បានធ្លាក់ចុះក្នុងចំនួន១.៣៩លាននាក់ គឺមកនៅត្រឹម១.៤០៨ពាន់លាននាក់ កាលពីឆ្នាំ២០២៤ ធៀបនឹងចំនួន១.៤០៩ពាន់លាននាក់ កាលពីឆ្នាំ២០២៣។ ចំណែក ចំនួនកំណើតសរុបនៅប្រទេសចិន មាន៩.៥៤លាននាក់ នៅឆ្នាំ២០២៤ ធៀបនឹង៩.០២លាននាក់ កាលពីឆ្នាំ២០២៣ ខណៈចំនួនមរណៈគឺ១០.៩៣លាននាក់ នៅឆ្នាំ២០២៤ ធៀបនឹង១១.១លាននាក់ កាលពីឆ្នាំ២០២៣។
គួរបញ្ជាក់ថា ចំនួនប្រជាជនសរុបនៅប្រទេសចិន បានបន្តធ្លាក់ចុះចាប់តាំងតែពីឆ្នាំ២០២២មក។ អត្រាកំណើតរបស់ចិន បានបន្តថយចុះ អស់រយៈពេលជាច្រើនទសវត្សរ៍ ដោយសារតែ គោលនយោបាយកូនទោល ឬ one child policy ដែលចិនបានអនុវត្តចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ បូករួមជាមួយ ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ កាលពីឆ្នាំ២០២៤ អាជ្ញាធរចិន បានដាក់ចេញនូវចំណាត់ការជាច្រើន ដែលមានគោលដៅព្យាយាមជំរុញអត្រាកំណើត ប៉ុន្តែក្រុមអ្នកជំនាញយល់ឃើញថា និន្នាការធ្លាក់ចុះនៃចំនួនប្រជាជនចិន នឹងនៅតែបន្ត ហើយទំនងជា នឹងកាន់តែលឿនថែមទៀត៕