
ក្រុមហ៊ូទី អះអាងថានឹងបន្តការវាយប្រហារនៅសមុទ្រក្រហម ប្រសិនបើបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស ត្រូវបានបំពាន (Video inside)
17-01-2025 11:54
(សាណា)៖ មេដឹកនាំក្រុមហ៊ូទី នៅយេម៉ែន លោក Abdul Malik al-Houthi បាននិយាយថា ក្រុមគាំទ្រដោយអ៉ីរ៉ង់មួយនេះ នឹងតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស់ ហើយនឹងបន្តការវាយប្រហារលើកប៉ាល់នានា នៅតំបន់សមុទ្រក្រហម ប្រសិនបើបទឈប់បាញ់នោះត្រូវបានបំពាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ ២០២៥។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣មក ក្រុមហ៊ូទីបានធ្វើការវាយប្រហារជាង ១០០លើក ទៅលើកប៉ាល់ធ្វើដំណើរ ដោយក្នុងនោះពីរគ្រឿងបានលិច និងចាប់កប៉ាល់ផ្សេងទៀត ហើយសម្លាប់កម្មករសមុទ្រយ៉ាងហោច ៤នាក់។ ការវាយប្រហាររបៀបនេះ បានរំខានដល់ពាណិជ្ជកម្មដឹកជញ្ជូនសកល និងជំរុញឱ្យមានការធ្វើដំណើរតាមផ្លូវវៀង ដែលចំណាយពេលយូរ។
គោលដៅវាយប្រហារ មានដូចជានៅសមុទ្រក្រហមភាគខាងត្បូង ឈូងសមុទ្រ Aden ដែលតភ្ជាប់ដោយច្រកសមុទ្រ Bab al-Mandab និងជាចំណុចប្រទាក់ក្រឡារវាងតំបន់អាហ្រ្វិកកណ្តាល និងមជ្ឈិមបូព៌ា។ ផ្លូវទឹកទាំងនេះជាទំនាក់ទំនងយុទ្ធសាស្ត្រ រវាងសមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រឥណ្ឌា តាមរយៈការនាំចេញពីតំបន់ឈូងសមុទ្រ និងអាស៉ី ទៅកាន់ទីផ្សារលោកខាងលិច មុនពេលចូលទៅដល់ព្រែកជីកស៊ុយអេ។
គួរបញ្ជាក់ថា ក្រុមហាម៉ាស និងអ៉ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយនៅក្នុងតំបន់ហ្កាហ្សា ដែលក្រុមអ្នកសម្របសម្រួលនិយាយថា នឹងត្រូវចូលជាធរមាននាថ្ងៃទី១៩ ខែមករា ហើយនឹងមានរួមបញ្ចូល ទាំងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា៕