(ហែលស៉ិនគី)៖ ក្នុងរបាយការណ៍ត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ប្រធានទីភ្នាក់ងារចារកម្មយោធារបស់ប្រទេសហ្វាំងឡង់ លោក Pekka Turunen បានលើកឡើងថា ផែនការធ្វើកំណែទម្រង់យោធារបស់រុស្ស៉ី នាចុងឆ្នាំ ២០២៦ ដែលនឹងបង្កើនចំនួនទាហាន ៣០ភាគរយទៀត គឺជាការគំរាមកំហែងសម្រាប់អង្គការណាតូ (NATO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ ២០២៥។

លោក​ Turunen បានប្រាប់ Reuters ថា «រុស្ស៉ីអាចនឹងសម្រេចបានគោលដៅ នាឆ្នាំ ២០៣០ ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្ន។ វា​ក៏នឹង​ប៉ះពាល់​ខ្លាំង​ដល់​ស្ថានភាព​អ៊ុយក្រែន មិន​ថា​ពេលកំពុងមានសង្រ្គាម ឬ​ពេលសង្រ្គាមបិទបញ្ចប់នោះទេ»

លោក Turunen បានឱ្យដឹងទៀតថា គោលដៅបង្កើនទាហាន ៣០ភាគរយទៀតនោះ នឹងនាំឱ្យរុស្ស៉ីមានយោធាសរុបចំនួន ១.៥លាននាក់។ ចំនួនកងទ័ពរុស្ស៉ីនៅមូលដ្ឋានជុំវិញហ្វាំងឡង់ អាចកើនឡើងទ្វេ ឬបីដងពីមុនពេលមានសង្រ្គាមអ៊ុយក្រែន ជាមួយនិងកងកម្លាំងថ្មីដាក់ពង្រាយ នៅដែនដី Karelia និងតំបន់ជាប់គ្នានោះ ដើម្បីពង្រីកអង្គភាពដែលមានស្រាប់នៃឧបទ្វីប Kola និងជុំវិញទីក្រុង St. Petersburg។

គួរបញ្ជាក់ថា ហ្វាំងឡង់ ដែលមានព្រំដែនជាប់រុស្ស៉ីប្រវែងវែងជាងគេ ក្នុងចំណោមប្រទេសសហភាពអឺរ៉ុបផ្សេងទៀត បានក្លាយជាសមាជិកណាតូ កាលពីឆ្នាំ ២០២៣ និងបានថ្កោលទោសការឈ្លានពានអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ីធ្លាប់និយាយ កាលពីខែធ្នូ ឆ្នាំំមុនថា ទីក្រុងមូស្គូត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងណាតូនៅអឺរ៉ុប ក្នុងទសវត្សរ៍ក្រោយ៕