(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin និងប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian អាចនឹងពិភាក្សាពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី មជ្ឈិមបូព៌ា ព្រមទាំងកម្មវិធី នុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅថ្ងៃសុក្រ ទី១៧ ខែមករា អំឡុងដំណើរទស្សនកិច្ចរបស់លោក Pezeshkian ទៅកាន់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើការបញ្ជាក់ពីវិមានក្រឹមឡាំង។
លោក Putin និងលោក Pezeshkian ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដែលប្រទេសទាំងទន្ទឹងរង់ចាំជាយូរមកហើយ នៅថ្ងៃសុក្រ សប្ដាហ៍នេះ ជាសកម្មភាពមួយដែលនឹងបង្កក្ដីព្រួយបារម្ភដល់លោកខាងលិច។ តាមវិមានក្រឹមឡាំង ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់បាននឹងកំពុងរះឡើង ហើយចាប់ផ្ដើម រីកចម្រើនទៅមុខយ៉ាងលឿនឈរលើគោលការណ៍គោរពគ្នា និងគិតគូរពីផលប្រយោជន៍គ្នាទៅវិញទៅមក។
វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយទៀតថាមេដឹកនាំនៃប្រទេសទាំង២ ទំនងជានឹងពិភាក្សាគ្នាពីបញ្ហាសំខាន់ៗមួយចំនួន ជាពិសេសស្ថានការណ៍វិវត្តន៍ក្នុងតំបន់ មជ្ឈិមបូព៌ា ក្នុងនោះរួមមានទាំងនៅស៊ីរី និងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ខណៈស្ថានការណ៍ក្នុងតំបន់ Caucasus និងកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ងក៏ស្ថិតនៅក្នុងរបៀបវារៈ នៃកិច្ចពិភាក្សារវាងលោក Putin និងលោក Pezeshkian ផងដែរ។
គួរបញ្ជាក់ថា រុស្ស៉ី និងអ៉ីរ៉ង់ បានអភិវឌ្ឍទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសចាប់តាំងពីរុស្ស៉ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ តួយ៉ាង សេចក្ដីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានឱ្យដឹងថាទំហំពាណិជ្ជកម្មរវាងរុស្ស៉ី និងអ៉ីរ៉ង់បានកើនឡើង ១៥.៥ភាគរយ ក្នុងរយៈពេល១០ខែដំបូង កាលពីឆ្នាំ២០២៤។ អ៊ុយក្រែន វិញបានអះអាងកាលពីឆ្នាំមុនថារុស្ស៉ីបានប្រើប្រាស់ដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ជាង ៨០០០គ្រឿង ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង៕