(ប៉េកាំង)៖ ចិន នៅថ្ងៃសុក្រ ទី១៧ ខែមករា បាននិយាយថាលោកប្រធានាធិបតី ស៊ី ជីនពីង នឹងបញ្ជូនអនុប្រធានាធិបតី លោក Han Zheng ឱ្យទៅចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ជាមួយការសន្យាពង្រឹងកិច្ចសន្ទនាជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ កាលពីខែវិច្ឆិកាកន្លងទៅ នឹងត្រូវស្បថចូលកាន់តំណែងក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។​ កាលពីខែធ្នូកន្លងទៅ ក្រុមការងារអន្តរកាលរបស់លោក ត្រាំ បាននិយាយថាប្រធានាធិបតីជាប់ឆ្នោតរូបនេះបានអញ្ជើញលោកប្រធានាធិបតី ស៊ី ជីនពីង និងមេដឹកនាំពិភលោកផ្សេងទៀតចូលរួមពិធីចូលកាន់តំណែងរបស់លោក។

នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានបញ្ជាក់ថាលោក Han Zheng នឹងទៅចូលរួមពិធីចូលកាន់តំណែងរបស់លោក ត្រាំ ក្នុងនាមជាបេសកជនពិសេសរបស់លោក ស៊ី ជីនពីង។ «ចិនដើរតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅជាមួយដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះនៅក្នុងការសម្លឹងមើល និងការរីកចម្រើន នៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិននៅក្នុងសេចក្ដីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន ចិនបានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសន្ទនា និងការទំនាក់ទំនង ព្រមទាំងការគ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ៕