(ខាគៀវ)៖ ក្នុងការឈានទៅមុខថ្មីមួយ នៃសង្គ្រាមដែលផ្តោតលើបច្ចេកវិទ្យា កងពលតូច Khartiia របស់អ៊ុយក្រែន កំពុងប្រើប្រាស់យានលើដីគ្មានមនុស្សបើក (UGVs) បំពាក់ដោយអាវុធដើម្បីវាយលុកជួរមុខ ជំនួសឱ្យការប្រើទាហានបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការបាត់បង់ជីវិត។ នេះបើយោងតាមដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
កាលពីខែមុន កងពលតូច Khartiia បានបញ្ចេញវីដេអូពីតំបន់ Kharkiv បង្ហាញពីប្រតិបត្តិការ រួមបញ្ចូល ទាំងការវាយលុកនិងការបោសសម្អាតមីន ដឹកនាំដោយយន្តហោះ ដ្រូនគ្មានមនុស្សបើក។ អង្គភាពនេះអះអាងថា នេះជាការវាយលុកលើដីដោយប្រើយានគ្មាន មនុស្សបើកតែមួយគត់ ដែលបានកត់ត្រាជាលើកដំបូង នៅក្នុងសង្គ្រាមអ៊ុយក្រែន។
ប្រតិបត្តិការនេះ បានត្រួសត្រាយផ្លូវសម្រាប់ការឈានទៅមុខដោយជោគជ័យរបស់កងថ្មើរជើង នេះបើតាមការបញ្ជាក់របស់កងពល។ អ្នកនាំពាក្យអង្គភាពបានថ្លែងថា គោលដៅ គឺផ្ទេរការឈ្លបយកការណ៍ ការបោសសម្អាតនិងការវាយប្រហារ ទៅឱ្យម៉ាស៊ីនដែលអាចធ្វើការជំនួសមនុស្ស ដោយហេតុនេះអាចកាត់បន្ថយការបាត់បង់ជីវិតទាហាន។
នៅឯមូលដ្ឋានរបស់ Khartiia មេបញ្ជាការកងអនុសេនាតូចម្នាក់ បានបង្ហាញយានប្រើប្រាស់លើដីគ្មានមនុស្សបើក ប្រភេទ "kamikaze" ដែលបំពាក់ដោយមីនប្រឆាំងមនុស្ស និងត្រូវបាន ប្រើប្រាស់ក្នុងការវាយប្រហារ។ ដើម្បីគេចពីការវាយប្រហារពីសត្រូវអ្នកបើកបរយានជំនិះ ទាំងនេះ ជាទូទៅត្រូវបញ្ជាពីចម្ងាយយ៉ាងតិច ២ គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ការប្រើប្រាស់យានដីគ្មានមនុស្សបើក គឺជាការច្នៃប្រឌិតថ្មីដ៏សំខាន់របស់អ៊ុយក្រែនក្នុងសង្រ្គាម ដែលកំពុងអូសបន្លាយជិតបីឆ្នាំ។ បច្ចេកវិទ្យានេះជួយកាត់បន្ថយការបាត់បង់ជីវិតទាហាន និងផ្តល់នូវអត្ថប្រយោជន៍យុទ្ធសាស្ត្រ ក្នុងការវាយលុកលើសត្រូវ ដែលមានអាវុធទំនើបជាង៕