(ដូហា)៖ នៅទីបំផុតទៅ ក្រុមហាម៉ាស និងអ៉ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយនៅក្នុងតំបន់ហ្កាហ្សា ដែលក្រុមអ្នកសម្របសម្រួលនិយាយថានឹងត្រូវចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ហើយនឹងមានរួមបញ្ចូល ទាំងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា អស់រយៈពេលជាង១៥ខែមកនេះ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវចែកចេញជា ៣ ដំណាក់កាល ក្នុងនោះអំឡុងដំណាក់កាលទី១ បទឈប់បាញ់គឺមានរយៈពេល ៦សប្ដាហ៍។ ក្នុងរយៈពេលនេះដែរ អ៉ីស្រាអែលត្រូវដកកងទ័ពចេញពីតំបន់ហ្កាហ្សាបន្តិចម្ដងៗ រីឯចំណាប់ខ្មាំងវិញនឹងត្រូវបានដោះលែងជាថ្នូរនឹងការដោះលែង ជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល។ ចំណែក ដំណាក់កាលទី២ និងទី៣ នឹងត្រូវស្ថិតក្នុងកិច្ចចរចា អំឡុងដំណាក់កាលទី១នៃបទឈប់បាញ់។
ក្នុងដំណាក់កាលទី១ នៃបទឈប់បាញ់នេះដែរ ចំណាប់ខ្មាំងអ៉ីស្រាអែល ៣៣នាក់នឹងត្រូវបានដោះលែងទៅតាមដំណាក់កាល ក្នុងនោះរួមមានស្ត្រី កុមារ និងបុរសដែលមានអាយុ៥០ឆ្នាំឡើង។ បើតាមក្រុមមន្ត្រីអ៉ីស្រាអែល នៅមានចំណាប់ខ្មាំង ៩៨នាក់ទៀតកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស។
នៅឯសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែមករា ក្នុងទីក្រុងដូហា នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani បានបញ្ជាក់ថាបទឈប់បាញ់នឹងចូលជាធរមាន នៅថ្ងៃអាទិត្យ ទី១៩ ខែមករា។ ដោយឡែក ថ្លែងចេញពីទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានលើកឡើងដែរថា «កិច្ចព្រមព្រៀងនេះនឹងបញ្ឈប់ការវាយប្រយុទ្ធគ្នាក្នុងតំបន់ហ្កាហ្សា ហើយនាំទៅរកការបង្កើនលំហូរជំនួយមនុស្សធម៌ សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន និងការជួបជុំរវាងចំណាប់ខ្មាំងជាមួយក្រុមគ្រួសាររបស់ពួកគេ ក្រោយព្រាត់ប្រាស់គ្នាអស់រយៈពេលជាង១៥ខែមកនេះ»។ លោក ដូណាល់ ត្រាំ វិញបាននិយាយថាកិច្ចព្រមព្រៀងបទឈប់បាញ់ បានទទួលជោគជ័យ នោះក៏ដោយសារតែលោកបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។
* តើកិច្ចព្រមព្រៀងអ៉ីស្រាអែល និងហាម៉ាស នឹងនាំទៅរកការបិទបញ្ចប់សង្រ្គាម ឬ?
លោក Steven A. Cook ជាអ្នកវិភាគម្នាក់ខាងកិច្ចការតំបន់មជ្ឈិមបូព៌ា មកពី Council on Foreign Relations ដែលជាវិទ្យាស្ថានស្រាវជ្រាវមួយមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថាបទឈប់បាញ់ និងកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំងមិនមែនមានន័យថាសង្រ្គាមនឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិនោះទេ។ តាមអ្នកវិភាគរូបនេះ នៅពេលហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ចលនាប្រដាប់អាវុធមួយនេះ ក៏បានធ្វើសង្រ្គាមទាំងស្រុងមួយដែរ ដែលក្នុងនោះរួមមានបញ្ចូលកិច្ចប្រឹងប្រែងយ៉ាងទូលំទូលាយជាអន្តរជាតិដើម្បីធ្វើឱ្យរដ្ឋអ៉ីស្រាអែលបាត់បង់ភាពស្របច្បាប់។ បានន័យថា បើទោះជាបទឈប់បាញ់នឹងបញ្ឈប់ការវាយប្រយុទ្ធគ្នា នៅក្នុង តំបន់ហ្កាហ្សាដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងក៏ដោយ ក៏ក្រុមហាម៉ាស និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាអ៉ីរ៉ង់ នឹងបន្តធ្វើសង្រ្គាមស្រមោលជាមួយអ៉ីស្រាអែលតាមមធ្យោបាយផ្សេងទៀត។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងបទឈប់បាញ់ ចែកចេញជា៣ដំណាក់កាល គឺមានលក្ខណៈផុយស្រួលបំផុត បើមានការប្រឆាំងជំទាស់ពីភាគីទាំងសងខាង ជាពិសេសនៅក្នុងចំណោមក្រុមស្ដាំនិយមជ្រុលអ៉ីស្រាអែល និងហាម៉ាស។ ដំណាក់កាលទី១នៃបទឈប់បាញ់ មានរយៈពេល ៦សប្ដាហ៍ ហើយមានរយៈពេល ១៦ថ្ងៃប៉ុណ្ណោះដើម្បីចាប់ផ្ដើមកិច្ចចរចាសម្រាប់ដំណាក់កាលទី២។ នៅត្រង់នេះ ការទុកចន្លោះពេលវេលារបៀបនេះនឹងផ្ដល់ឱកាសឱ្យក្រុមអ្នកដែលប្រឆាំងនឹងកិច្ចព្រមព្រៀងទាំងខាងអ៉ីស្រាអែល និងហាម៉ាស បំផ្លាញកិច្ចព្រមព្រៀងក្នុងខណៈពេលដ៏សំខាន់ ដូចដែលបានកើតឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ លើកិច្ចព្រមព្រៀងសន្តិភាព Oslo Accords រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ អំឡុងដំណើរការនៃកិច្ចព្រមព្រៀង Oslo នៅពេលដែល មានក្ដីរំពឹងពីភាពរីកចម្រើនឆ្ពោះទៅរកសន្តិភាព ក្រុមអ្នកប្រឆាំងនឹងកិច្ចព្រមព្រៀងនេះបានសាបព្រោះការខ្វែងគំនិតគ្នាតាមរយៈនយោបាយ និងអំពើហិង្សាដែលធ្វើឱ្យខូចដល់កិច្ចចរចារហូតដល់ចំណុចដួលរលំ។ នៅក្នុងពេលបច្ចុប្បន្ន ក្រុមមនុស្សដែលជាមេបង្កបញ្ហាចម្បងគេ នោះគឺក្រុមនិគមជនអ៉ីស្រាអែលដែលមិនចង់បានអ្វីផ្សេងក្រៅតែពីការកម្ទេចក្រុមហាម៉ាស ការចូលទៅតាំងទីលំនៅឡើវិញ ក្នុងតំបន់ហ្កាហ្សា ព្រមទាំងជនជាតិប៉ាឡេស្ទីនស្ដាំនិយមជ្រុលដែលជឿថា ពួកគេកំពុងឈ្នះ។ មិនតែប៉ុណ្ណោះ វាថែមទាំងមានទៀតផងលទ្ធភាពដែលភាគីទាំងសងខាងមិនអនុវត្តតាមអ្វីដែលពួកគេបាននិយាយនៅក្នុងកិច្ចព្រមព្រៀង ហើយនេះជាហេតុផលមួយក្នុងចំណោមហេតុផលមួយចំនួនដែលហាម៉ាសនៅតែ រក្សាទុកចំណាប់ខ្មាំងសេសសល់៩៨នាក់ក្នុងដៃរបស់ពួកគេ ទុកសម្រាប់ចរចា។ មានន័យថាប្រសិនបើដោះលែងចំណាប់ខ្មាំងទាំងអស់ ក្រុមហាម៉ាសមានហេតុផលតិចតួចដែលត្រូវជឿថាអ៉ីស្រាអែលនឹងមិនត្រឡប់មកបំផ្លាញពួកគេសាជាថ្មី។ គំនិតត្រឡប់ធ្វើសង្រ្គាមនៅហ្កាហ្សាឡើងវិញត្រូវបាននាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu លើកមកនិយាយម្ដងហើយម្កងទៀត។ ព្រមពេលជាមួយគ្នា ក្រុមហាម៉ាសមានកម្លាំងចិត្តដើម្បីបន្តតស៊ូប្រយុទ្ធ នោះគឺដោយសារតែ សង្រ្គាមហ្កាហ្សាបានធ្វើឱ្យអ៉ីស្រាអែលខូចមុខមាត់នៅលើឆាកអន្តរជាតិ។
* តើអ៉ីស្រាអែលនឹងរក្សាកងទ័ពក្នុងតំបន់ហ្កាហ្សា ដែរឬទេ?
ចាប់តាំងពីចុងឆ្នាំ២០២៣មក រដ្ឋាភិបាលអ៉ីស្រាអែលបានបញ្ជាក់ជារឿយៗថាខ្លួននឹងគ្រប់គ្រងលើសន្តិសុខទាំងមូលក្នុងតំបន់ហ្កាហ្សានៅពេលអនាគត។ អ៉ីស្រាអែលចង់បានសេរីភាពនៃការធ្វើសកម្មភាពដូចដែលពួកគេមាន នៅក្នុងតំបន់ West Bank ដើម្បីរក្សាការដាក់សម្ពាធលើក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា ក៏ដូចជាបង្ការកុំឱ្យហាម៉ាសប្រមូលផ្ដុំកម្លាំងឡើងវិញ ឬមានឱកាសបើកការវាយប្រហារសាជាថ្មីលើអ៉ីស្រាអែល ដូចកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្នុងកិច្ចចរចាមុនៗ ក្រុមហាម៉ាសបានទាមទារឱ្យកងកម្លាំងការពារអ៉ីស្រាអែល IDF ចាកចេញពីតំបន់ហ្កាហ្សាទាំងស្រុង ជាផ្នែកមួយកិច្ចព្រមព្រៀងបទឈប់បាញ់។ ហាម៉ាសបានបន្ទន់ជំហរចំពោះសំណើនេះ ក្រោយអ៉ីស្រាអែលបានសម្លាប់ មេដឹកនាំហាម៉ាស លោក Yahya Sinwar កាលពីខែតុលា ឆ្នាំ២០២៤។ នៅក្រោមកិច្ចព្រមព្រៀងនៅពេលនេះបញ្ជាក់ថាអ៉ីស្រាអែលនឹងដកចេញទាំងស្រុងពីតំបន់ហ្កាហ្សា។ ក៏ប៉ុន្តែ វានឹងក្លាយជារឿងដ៏នឹកស្មានមិនដល់ដែលអ៉ីស្រាអែលនឹង ព្រមដកកងទ័ពចេញពីតំបន់ហ្កាហ្សាទាំងស្រុង។ ក្រុមមន្ត្រីអ៉ីស្រាអែលបានអះអាងជាច្រើនលើកច្រើនសារថាបញ្ហាធំនៅហ្កាហ្សាចន្លោះពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣ នោះគឺអវត្តមានកងកម្លាំងសន្តិសុខអ៉ីស្រាអែល និងអសមត្ថភាពក្នុង ការដឹកនាំប្រតិបត្តិការប្រឆាំងភេរវករ ដូចដែល IDF និង Shin Bet ជាទីភ្នាក់ងារសន្តិសុខអ៉ីស្រាអែល បាន និងកំពុងធ្វើនៅក្នុងតំបន់ West Bank។
គួរបញ្ជាក់ថា បើតាមលោក Steven A. Cook តាមរយៈកិច្ចព្រមព្រៀងបទឈប់បាញ់ វាបានបង្ហាញថាក្រុមហាម៉ាសនៅតែមានភាពធន់ ទោះជាមេដឹកនាំ និងក្រុមអ្នកប្រយុទ្ធរបស់ពួកគេមួយចំនួនធំត្រូវបានសម្លាប់ក៏ដោយ។ ជាក់ស្ដែង ក្នុងសង្រ្គាមជាង ១៥ខែមកនេះ ហាម៉ាសនៅតែអាចបាញ់គ្រាប់រ៉ុក្កែតលើអ៉ីស្រាអែល ហើយក៏មានផងដែរសេចក្ដីរាយការណ៍ថាទាហានអ៉ីស្រាអែលស្លាប់ជារៀងរាល់ថ្ងៃក្នុងតំបន់ហ្កាហ្សា។ ម្យ៉ាងវិញទៀត ហាម៉ាសក៏នៅមានសមត្ថភាព ជ្រើសរើសក្រុមអ្នកប្រយុទ្ធថ្មីដែរ៕