(ហ្គាហ្សា)៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០ នាក់នៅហ្គាហ្សា ពេញមួយយប់ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការបញ្ជាក់ពីអ្នកស្រុកនិងអាជ្ញាធរក្នុងតំបន់។ ការវាយប្រហារនេះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី មានការប្រកាសពីបទឈប់បាញ់និងកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំងដើម្បីបញ្ចប់សង្រ្គាម រយៈពេល១៥ ខែ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ស្មុគស្មាញនេះ ដែលត្រូវបានសម្រុះសម្រួលដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធ ដើម្បីបញ្ឈប់សង្រ្គាមដែលបានបំផ្លិចបំផ្លាញទឹកដីឆ្នេរសមុទ្រមួយនេះ និងបង្កឱ្យមានភាពតានតឹងពាសពេញមជ្ឈិមបូព៌ា។

កិច្ចព្រមព្រៀងដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃអាទិត្យ រួមមានបទឈប់បាញ់រយៈពេល ៦សប្តាហ៍ ជាមួយនឹងការដកកងកម្លាំងអ៊ីស្រាអែលជាបន្តបន្ទាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់។ ចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលគ្រប់គ្រងតំបន់នោះ នឹងត្រូវដោះលែងជាថ្នូរ នឹងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានឃាត់ខ្លួនដោយអ៊ីស្រាអែល។

មន្ត្រីអ៊ីស្រាអែលម្នាក់បានបញ្ជាក់ថា ការយល់ព្រមរបស់អ៊ីស្រាអែល ចំពោះកិច្ចព្រមព្រៀងនេះនឹងមិនមានលក្ខណៈផ្លូវការទេ រហូតដល់មានការអនុម័តពីគណៈរដ្ឋមន្ត្រីនិងរដ្ឋាភិបាល របស់ប្រទេស ហើយការបោះឆ្នោតលើបញ្ហានេះ ត្រូវបានកំណត់ពេលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចោទប្រកាន់ក្រុមហាម៉ាស់ថា ក្រុមនេះបានផ្លាស់ប្តូរលក្ខខណ្ឌនៅនាទីចុងក្រោយ និងមិនបានគោរពតាមការសន្យារបស់ខ្លួន។ សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ថា «គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល នឹងមិនកោះប្រជុំទេ លុះត្រាតែអ្នកសម្រុះសម្រួលជូនដំណឹងដល់អ៊ីស្រាអែលថា ក្រុមហាម៉ាស់បានទទួលយកធាតុទាំងអស់នៃកិច្ចព្រមព្រៀង»។

មិនច្បាស់ទេ ថាតើការពន្យារពេលចុងក្រោយនេះ នឹងមានផលប៉ះពាល់អ្វីលើកិច្ចព្រមព្រៀង។ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Izzat el-Reshiq បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមរបស់លោកនៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានប្រកាស ដោយអ្នកសម្រុះសម្រួល កាលពីថ្ងៃពុធ។

ក្រុមអ្នករឹងរូសនៅក្នុងរដ្ឋាភិបាលរបស់លោក Netanyahu នៅតែសង្ឃឹមថា នឹងរារាំងកិច្ចព្រមព្រៀងនេះ ទោះបីជារដ្ឋមន្ត្រីភាគច្រើនត្រូវបានគេរំពឹងថា នឹងគាំទ្រវាក៏ដោយ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បានបញ្ជាក់ថា គណបក្សរបស់លោក នឹងបន្តនៅក្នុងរដ្ឋាភិបាល ប្រសិនបើអ៊ីស្រាអែល បន្តសង្គ្រាមពេញកម្លាំងរហូតដល់ក្រុមហាម៉ាស់ត្រូវបរាជ័យ។ ចំណែករដ្ឋមន្ត្រីប៉ូលិសស្តាំនិយម លោក Itamar Ben-Gvir បានគំរាមលាលែងចេញពីរដ្ឋាភិបាល ប្រសិនបើបទឈប់បាញ់ត្រូវបានអនុម័ត។

គួរបញ្ជាក់ថា ស្ថានភាពជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់នៅតែស្ថិតក្នុងភាពស្រពេចស្រពិល ខណៈដែលអ៊ីស្រាអែលបន្តវាយប្រហារតាមអាកាសលើហ្គាហ្សា ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសបន្ថែមទៀត។ ការចោទប្រកាន់របស់លោក Netanyahu លើក្រុមហាម៉ាស់និងការប្រឆាំងពីសំណាក់ ក្រុមអ្នករឹងរូសក្នុងរដ្ឋាភិបាល បានធ្វើឱ្យអនាគតនៃកិច្ចព្រមព្រៀងនេះ កាន់តែមិនច្បាស់លាស់៕