(ម៉ានីល)៖ ហ្វីលីពីននិងចិន បានសន្យាស្វែងរកដំណោះស្រាយរួម និងមធ្យោបាយសហប្រតិបត្តិការ ទោះបីជាមានការខ្វែងគំនិតគ្នា ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងក៏ដោយ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសរបស់ប្រទេសទាំងពីរ នៅថ្ងៃព្រហស្បតិ៍នេះ។
ការប្តេជ្ញាចិត្តនេះ បានកើតឡើងក្នុងកិច្ចពិភាក្សាជុំទី១០ នៃយន្តការពិគ្រោះយោបល់ទ្វេភាគីលើបញ្ហាសមុទ្រចិនខាងត្បូង។ ភាគីទាំងពីរបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការរវាងឆ្មាំឆ្នេរសមុទ្រ និងវិទ្យាសាស្ត្រសមុទ្រ ព្រមទាំងបានសន្យាថា នឹងដោះស្រាយបញ្ហាដោយសន្តិវិធី។
អនុរដ្ឋលេខាធិការ ក្រសួងការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានបញ្ជាក់ថា «ទោះបីជាមានបញ្ហាប្រឈមនិងភាពខុសគ្នា ដែលមិនត្រូវបានដោះស្រាយក៏ដោយ វាមានកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការការទូត និងជាក់ស្តែងក្នុងការដោះស្រាយបញ្ហារបស់យើងនៅក្នុងសមុទ្រចិនខាងត្បូង»។
ទោះជាយ៉ាងណា ភាគីទាំងពីរក៏បានរិះគន់សកម្មភាពគ្នាទៅវិញទៅមក ផងដែរ។ ហ្វីលីពីនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាព របស់ឆ្មាំឆ្នេរសមុទ្រចិន រួមទាំងវត្តមានជាប្រចាំនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ខ្លួន។ ចំណែកឯចិនបានត្អូញត្អែរ អំពី «ការរំលោភដែនសមុទ្រនិងការ បង្កហេតុ» ថ្មីៗនេះ៕